ព័ត៌មានទាន់ហេតុការណ៍៖

CDC៖​ គម្រោងវិនិយោគចំនួន៦៨ ដែលមានទុនវិនិយោគសរុបប្រមាណ ៧៤៨លានដុល្លារអាមេរិក ត្រូវបានអនុម័តក្នុងខែមករា ឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅរសៀលថ្ងៃទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះ​ បានចេញសេចក្តីប្រកាសព័ត៌មានគម្រោងវិនិយោគចំនួន៦៨ ដែលមានទុនវិនិយោគសរុបប្រមាណ ៧៤៨លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ក្នុងខែមករា ឆ្នាំ២០២៥នេះ។ 

ក្នុងខែមករា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុប ចំនួន ៦៨គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៦៤គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៤គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៧៤៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ៤៦ពាន់កន្លែង។ 

ក្នុងចំណោមគម្រោងវិនិយោគទាំងអស់ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន ៣៩គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ២៩គម្រោង។ 

បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២៤ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៣២គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ១៨៧លានដុល្លារ អាម៉េរិក ការអនុម័តគម្រោងវិនិយោគក្នុងខែមករា ឆ្នាំ២០២៥ មានការកើនឡើងចំនួន ៣៦គម្រោង ខណៈ ទុនវិនិយោគមានការកើនឡើងប្រមាណ ៥៦១លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៣០០%។ គម្រោងវិនិយោគទាំង ៦៨គម្រោង សុទ្ធសឹងជាការវិនិយោគក្នុងវិស័យឧស្សាហកម្មទាំងអស់៕ ដោយ៖តារា

ខាងក្រោម​នេះ​ជា​សេចក្ដី​ប្រកាស​ព័ត៌មាន​លម្អិត​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​៖


ចែករំលែក៖