ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេសហ្វុីលីពីន៖ ប្រទេសចិននឹង បរាជ័យបើមិនគោរពច្បាប់អន្តរជាតិ

ចែករំលែក៖

ហ្វីលីពីនបានព្រមានចិនថា នឹងក្លាយជាភាគីបរាជ័យប្រសិនបើចិនព្រងើយកន្តើយចំពោះសេចក្តីសម្រេចរបស់តុលាការអន្តរជាតិស្តីពីសមុទ្រចិនភាគខាងត្បូង។

រដ្ឋមន្ត្រីការបរទេសហ្វុីលីពីនលោក Ferfecto Yasay កាលពីថ្ងៃទី៣០ ខែសីហា បានបញ្ជាក់ថា «យើងកំពុងតែខិតខំធ្វើឲ្យចិនយល់ច្បាស់ថា ប្រសិនបើចិនមិនគោរពទៅតាមសាលក្រមតុលាការអន្តរជាតិទេ នោះចិនគឺជាភាគីដែលបរាជ័យ»។

កន្លងមកនៅក្នុងកិច្ចពិភាក្សាទ្វេភាគីហ្វុី លីពីនមានគម្រោងចុះកិច្ចព្រមព្រៀងជា មួយចិនដើម្បីអនុញ្ញាតឲ្យអ្នកនេសាទហ្វុីលីពីនចូលទៅកាន់តំបន់ដែលសម្បូរទៅដោយធនធានធម្មជាតិដែលចិនកំពុងតែគ្រប់គ្រងស្ថិតក្នុងតំបន់ដែលមានវិវាទ។

ចិនបានគ្រប់គ្រងតំបន់ប្រជុំកោះ Scarborough ចាប់តាំងពីឆ្នាំ២០១២ ហើយរារាំង អ្នកនេសាទហ្វុីលីពីនចូលទៅកាន់តំបន់ សមុទ្រស្ថិតនៅប្រជុំកោះខាងលើដែលជាចំណុចចាប់ផ្តើមធ្វើឲ្យហ្វុីលីពីនខឹងសម្បាហើយប្តឹងទៅកាន់តុលាការអាជ្ញាកណ្តាលអន្តរជាតិនៅទីក្រុងឡាអេ ហើយតុលាការកាត់ក្តីឲ្យហ្វុីលីពីនឈ្នះ។

លោក Ferfecto Yasay បញ្ជាក់ថា នៅពេលដែលយើងចាប់ផ្តើមពិភាក្សាជាផ្លូវការ ឬសន្យាទ្វេភាគីជាមួយចិន យើងចាំបាច់ត្រូវ តែលើកឡើងពីសេចក្តីសម្រេចរបស់តុលាការធ្វើជាមូលដ្ឋាននៅក្នុងកិច្ចពិភាក្សា។

ចិនបានប្រកាសដែនអធិបតេយ្យភាពនៅតំបន់សមុទ្រភាគខាងត្បូងក្នុងនោះមាន បន្ទាត់ដែនសមុទ្រ៩កំណាត់ ដែលចិន បានគ្រប់គ្រងនៅលើដែនសមុទ្រប្រទេសជាច្រើនក្នុងតំបន់។ កាល់ពីថ្ងៃទី១២ ខែ កក្កដា តុលាការនៅទីក្រុងឡាអេបានសម្រេច ឲ្យហ្វុីលីពីនឈ្នះដោយសារតែចិនមិនធ្លាប់មានប្រវត្តិសាស្ត្រនៅក្នុងការគ្រប់គ្រងប្រជុំកោះទាំងនោះពីមុនមក៕ ម៉ែវ សាធី

 

Ferfecto Yasay

លោក Ferfecto Yasay


ចែករំលែក៖