ព័ត៌មានទាន់ហេតុការណ៍៖

អ្នកឯកទេសអាមេរិក ៖ បច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើងរីកចម្រើន

ចែករំលែក៖

អ្នកឯកទេសអាមេរិកបានបញ្ជាក់ថា កូរ៉េខាងជើងបានរីកចម្រើនយ៉ាងខ្លាំងនៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីល និងបរមាណូ ក្នុងនោះមានការសាកល្បងកាំជ្រួចមីស៊ីលចេញពីនាវាមុជទឹកប្រកបដោយជោគជ័យ ។

អ្នកឯកទេសមកពីមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ Middlebery មានទីតាំង នៅកាលីហ្វ័រនីញ៉ា លោក Jeffrey Levis បញ្ជាក់ថា កូរ៉េខាងជើងបានបង្កើនល្បឿននៃការស្រាវជ្រាវផលិតកាំជ្រួចមីស៊ីលដ៏
ទំនើបដូចជាមីស៊ីលដែលបាញ់ចេញពីនាវាមុជទឹកជាដើម។ ការចំណាយប្រាក់និងពេលវេលារបស់កូរ៉េខាងជើងទៅលើកម្មវិធីអាវុធគឺមិនឥតប្រយោជន៍នោះឡើយ។

ក្រុមអ្នកឯទេសបានបញ្ជាក់ថា កាំជ្រួចមីស៊ីលដែលអាចបំពាក់ក្បាលគ្រាប់បរមាណូដំបូងបង្អស់របស់កូរ៉េខាងជើងនោះគឺមីស៊ីលប្រភេទ Rodong ដែលធ្លាប់បានទទួលជោគជ័យនៅក្នុងការសាកល្បងបំពាក់ក្បាលគ្រាប់ទម្ងន់មួយតោនបាញ់បានចម្ងាយ២ពាន់គីឡូម៉ែត្រ។

កាលពីថ្ងៃទី២៤ ខែសីហា កន្លងមកកូរ៉េ ខាងជើងបានបាញ់សាកល្បងមីស៊ីលចេញពីនាវាមុជទឹក SLBM ។ ការសាកល្បងនោះត្រូវបានគេចាត់ទុកថាទទួលបានជោគជ័យដោយមីស៊ីលហោះបាន៥០០គីឡូម៉ែត្រទើបធ្លាក់នៅដែនសមុទ្រជប៉ុន។

មកទល់ពេលនេះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តការដាក់ទណ្ឌកម្មកូរ៉េខាងជើង ៥លើកមកហើយពាក់ព័ន្ធនឹងកម្មវិធីមីស៊ីលនិងបរមាណូ ក្នុងនោះមានសេចក្តីសម្រេចលេខ១៧១៨ ឆ្នាំ២០០៦,លេខ១៨៧៤ ឆ្នាំ២០០៩,លេខ ២០៨៧ ឆ្នាំ២០១៣,លេខ២០៩៤ ឆ្នាំ
២០១៣និងសេចក្តីសម្រេចលេខ២២៧០នៅឆ្នាំ២០១៦នេះ។ សេចក្តីសម្រេចចុងក្រោយគឺអង្គការសហប្រជាជាតិបានអនុម័តកាលពីខែមីនា ក្រោយពេលដែលកូរ៉េខាងជើងសាកល្បងគ្រាប់បែកបរមាណូ។

ការដាក់ទណ្ឌកម្មចុងក្រោយមានទាំងការហាមនាំចេញ និងបង្កកទ្រព្យសម្បត្តិរបស់កូរ៉េខាងជើងដែលនៅក្រៅប្រទេសផងដែរ៕ ម៉ែវ សាធី

 

image

 


ចែករំលែក៖