សារព័ត៌មានអាមេរិក The Nation អាមេរិកបានផ្តល់ជំនួយអាវុធ និងសម្ភារ ផ្សេងៗជាច្រើនដល់ប្រទេសអ៊ុយក្រែន ។ ចំណែកអ៊ុយក្រែនវិញបានលក់អាវុធទាំងនោះទៅឲ្យប្រទេសផ្សេងទៀតតាមវិធី
សាស្ត្រគេចពីច្បាប់អន្តរជាតិ ។
នៅក្នុងអត្ថបទដែលបានចុះផ្សាយនៅលើគេហទំព័រ The Nation ចាប់តាំងពីប្រធានាធិបតីអូបាម៉ាឡើងកាន់តំណែងរហូត មកទល់ពេលនេះការនាំចេញអាវុធរបស់អាមេរិកកើនឡើងខ្ពស់បាននាំមកនូវប្រាក់ចំណូលជាច្រើនដល់ក្រុមហ៊ុនផលិតអាវុធរបស់អាមេរិក។ តាមការប្រកាសជាផ្លូវការកាលពីឆ្នាំ២០១៤ អាមេរិកបានចូលរួមជាង៥០ភាគរយនៃកិច្ចព្រមព្រៀងអាវុធនៅលើពិភពលោកជួយឲ្យក្រុមហ៊ុនអាមេរិកមានការកុម៉្មង់ទិញអាវុធច្រើនបំផុតមិនធ្លាប់មានរយៈពេលជាង៥ឆ្នាំកន្លងមក។
តាមការកត់សម្គាល់សារព័ត៌មានខាងលើក្រុមអ្នកលក់អាវុធរបស់អាមេរិកកំពុងតែធ្វើសង្គ្រាមត្រជាក់ជាមួយរុស្ស៊ីហើយអ៊ុយក្រែនពេលនេះបានក្លាយទៅជាទីតាំងនៃសង្គ្រាមត្រជាក់នោះចាប់តាំងពីឆ្នាំ ២០១៤ មកអ៊ុយក្រែនបានក្លាយជាទីផ្សារអាវុធដ៏ពិតប្រាកដ។
ដល់ចុងឆ្នាំ២០១៥ ទីក្រុងគៀវ ទទួលបានប្រាក់ជំនួយយោធារហូតដល់ទៅ៧៨០លានដុល្លារ និងផ្តល់ប្រាក់កម្ចី២ពាន់លានដុល្លារទៀត ។ ក្នុងពេលនោះប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko បានប្រើប្រាស់ទឹកប្រាក់ទាំងនោះសម្រាប់ធ្វើសង្គ្រាមដោយលទ្ធផលអ៊ុយក្រែនបានក្លាយជាទីផ្សារអាវុធខុសច្បាប់ដ៏ធំរបស់អាមេរិក។
តាមលទ្ធផលស្រាវជ្រាវ អ៊ុយក្រែនបាន លក់អាវុធមានកាំភ្លើង និងឧទ្ធម្ភាគចក្រទៅឲ្យប្រទេសស៊ូដង់ខាងត្បូង ។ ទាំងនោះហើយទើបមានសំណួរចោទសួរឡើងថា ធ្វើដូចម្តេចបានជាប្រទេសដែលមិនមានអាវុធគ្រប់គ្រាន់សម្រាប់ប្រឆាំងនឹងរុស្ស៊ីបែរជាមានអាវុធយ៉ាងច្រើនលក់ទៅក្រៅប្រទេស?
ការលក់អាវុធបែបនេះជាការគេចពីសន្ធិសញ្ញាស្តីពីការលក់អាវុធ ។ អាមេរិកបានលក់អាវុធទៅឲ្យប្រទេសដែលជាសម្ពន្ធមិត្តហើយអាវុធទាំងនោះបានលក់បន្តទៅឲ្យប្រទេសដទៃទៀតដូចជាយេមែនជា ដើម។
សូមបញ្ជាក់ផងដែរថា ក្រោយពេលដែលអាមេរិកបានប្រកាសបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថានអាមេរិកបានបញ្ជូនអាវុធដែលធ្លាប់ប្រើប្រាស់នៅទីនោះទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីទប់ទល់នឹងរុស្ស៊ី ។ ប៉ុន្តែការលក់បន្តទៅទៀតនោះគឺជារឿងផ្សេងរបស់អ៊ុយក្រែនមិនមែនអាមេរិកឡើយ៕ ម៉ែវ សាធី