ព័ត៌មានទាន់ហេតុការណ៍៖

លោក លឹម សៀងហេង៖ យុទ្ធនាការសំអាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងចូលរួមចំណែក លើកកម្ពស់សោភ័ណភាព​ ក្រុង និងទីប្រជុំជននៅតាមបណ្តាផ្លូវជាតិលេខ១ ឲ្យកាន់តែស្រស់ស្អាត មានអនាម័យ ខ្យល់អាកាសស្អាត និងសណ្តាប់ធ្នាប់ល្អ ប្រកបដោយភាពទាក់ទាញ ការស់នៅប្រកបដោយផាសុខភាព

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត ថ្លែងថា យុទ្ធនាការសំអាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងចូលរួមចំណែក លើកកម្ពស់សោភ័ណភាព​ ក្រុង និងទីប្រជុំជននៅតាមបណ្តាផ្លូវជាតិលេខ១ ឲ្យកាន់តែស្រស់ស្អាត មានអនាម័យ ខ្យល់អាកាសស្អាត និងសណ្តាប់ធ្នាប់ល្អ ប្រកបដោយភាពទាក់ទាញ ការស់នៅប្រកបដោយផាសុខភាពនិងការទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរណ៍មកប្រទេសកម្ពុជាកាន់តែច្រើនឡើង។

ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពិធីអនុវត្តយុទ្ធនាការការសម្អាតផ្លូវជាតិលេខ១ ក្រោមប្រធានបទ”ផ្លូវជាតិគ្មានសំរាមប្លាស្ទិក”ស្ថិតនៅតាមដងផ្លូវជាតិលេខ១ ដោយមានការចូលរួមពីសំណាក់ លោក ពេជ សាមិត្ត អនុប្រធានមន្ទីរបរិស្ថានខេត្ត និងសហការី  លោកអភិបាលរងក្រុង លោកនាយករងរដ្ឋបាល លោកប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យចំណុះក្រុង កងកម្លាំងប្រដាប់អាវុធទាំង៣ ក្រុង លោកចៅសង្កាត់ព្រៃអង្គុញ និងចៅសង្កាត់ច្រកម្ទេស ក្រុមប្រឹក្សាសង្កាត់ទាំងពី ប្រជាពលរដ្ឋក្នុងសង្កាត់ យុវជន ស.ស.យ.ក លោកគ្រូ អ្នកគ្រូ  ប្រជាការពារភូមិ និងសិស្សានុសិស្សប្រមាណ ២៥០នាក់។

លោកអភិបាលក្រុងបន្តថា ទន្ទឹមនេះលោកបានស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់​ ទាំងវិស័យសាធារណៈ និងឯកជន រដ្ឋបាលសង្កាត់​ អាជ្ញាធរមូលដ្ឋាន ក្នុងក្រុងបាវិត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ត្រូវរៀបចំសកម្មភាពចុះសំអាតផ្លូវជាតិ​នៅតាមមូលដ្ឋានរៀងៗខ្លួន និងសំណូមពរដល់បងប្អូនកម្មក​ កម្មការិនី​និងប្រជាពលរដ្ឋទាំងអស់​ សូមកុំបោះចោលសម្រាមនៅតាមដងផ្លូវ​ពាសវាលពាសកាលពេលកំពុងធ្វេីដំណេីរ។ 

បន្ទាប់មក លោកលឹមសៀងហេង ​ និងអាជ្ញាធរ​មូលដ្ឋាន​ ព្រមទាំងប្រជាពលរដ្ឋ​ និងសិស្សានុសិស្ស​បានធ្វេីការរេីសសម្រាម​ ដេីម្បីសម្អាតនៅតាមដងផ្លូវជាតិលេខ១ក្នុងទីប្រជុំជននិងមានការចូលរួមពីសិស្សានុសិស្ស​ លោកគ្រូអ្នកគ្រូ​ ព្រមទាំងអាជ្ញាធពាក់ព័ន្ធ​ វិស័យ​ឯកជនចូលរួមសម្អាត ក្នុងនោះ សង្កាត់បាវិត និងសង្កាត់បាទី ក៏បានរៀបចំកម្មពិធីក្នុងអនុវត្តយុទ្ធនាការការសម្អាតផ្លូវជាតិលេខ១ ក្រោមប្រធានបទ”ផ្លូវជាតិគ្មានសំរាមប្លាស្ទិក”ផងដែរ នៅតាមសង្កាត់រាងខ្លួន ដោយមានការចូលរួមពី លោកនាយករដ្ឋបាលស្តីទី លោកប្រធានអនុប្រធាន និងមន្ត្រីការិយាល័យចំណុះក្រុង លោកចៅសង្កាត់បាវិត និងបាទី  ក្រុមប្រឹក្សាសង្កាត់ទាំងពីរ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ លោកមេភូមិ អនុភូមិ យុវជន ស.ស.យ.ក ក្នុងសង្កាត់ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ប្រជាការពារភូមិ និងសិក្សានុសិស្ស ទាំងពីរសង្កាត់សរុបវត្តមានចូលរួមប្រមាណ ១៨៥នាក់ ស្រី ៩៦នាក់។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ 

យុទ្ធសាស្ត្រនេះ បានតម្រង់ទិសនិងចង្អុលបង្ហាញពីការងារអាទិភាព ការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធាន ធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ជាមួយនឹងសសរស្តម្ភចំនួន៣ គឺ «ភាពស្អាត ភាពបៃតង និងចីរភាព» ដែលជាការចូលរួមចំណែកក្នុងវិស័យបរិស្ថាន ការលើកកម្ពស់សោភ័ណភាព បរិស្ថាន អនាម័យ សុខភាពសាធារណៈ និងការចូលរួមចំណែកក្នុងការអភិវឌ្ឍមាតុភូមិឱ្យកាន់តែរីកចម្រើនជឿនលឿនទៅមុខជា និច្ចនិរន្តរ៍។

ដើម្បីភាពស្អាតនៅកម្ពុជា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាជំហានៗ ក្នុងនោះយុទ្ធនាការទី១ ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដោយបានបង្ហាញពីការប្តេជ្ញាចិត្តចូលរួមដើម្បីកម្ពុជាស្អាត គ្មានការ បំពុលដោយសំណល់ប្លាស្ទិក និងយុទ្ធនាការទី២ គឺ «កម្ពុជាស្អាត ខ្មែរធ្វើបាន» បានចាប់ផ្តើមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដែលជាសកម្មភាពសម្អាត និងប្រមូលសំរាម និងសំណល់ប្លាស្ទិកនៅតាមបរិវេណ លំនៅឋាន សហគមន៍ សាលារៀន វត្តអារាម និងទីសាធារណៈនានា៕

ដោយ៖ សុថាន


ចែករំលែក៖