ខេត្តបាត់ដំបង៖ បន្ទាប់ពីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងស្វែងយល់ភាពជាក់ស្ដែងនៃការបំពេញការងាររបស់មន្រ្តីនគរបាលប៉ុស្តិ៍ពាមឯក នាព្រឹកថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តឆៀងចូលសាលាឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបងដែលនៅក្បែរនោះស្រាប់។ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងថា លើកនេះ បានអង្គុយលើកៅអីអ៊ំមេឃុំ និងសាកល្បងដឹកនាំកិច្ចពិភាក្សាជាវិសាមញ្ញជាមួយលោកអ៊ំមេឃុំ ជំទប់ និងក្រុមប្រឹក្សាឃុំ ហើយក៏រីករាយដែលនៅក្បែរតុប្រជុំ មានជំនួយការឃុំ ចំនួន ២រូប បានចូលរួមស្ដាប់ពីកន្លែងប្រចាំការនៃយន្តការច្រកចេញចូលតែមួយឃុំ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបន្តថា ទោះមិនបានណាត់គ្នាមុន តែប្រធានបទនៃកិច្ចពិភាក្សាហាក់ដូចជាប្រទាក់ក្រឡាគ្នា។ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការប្រើប្រាស់ថវិកាមូលនិធិឃុំ ការគ្រប់គ្រងសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ការប្រព្រឹត្តទៅនៃយន្តការច្រកចេញចូលតែមួយឃុំ ការចូលរួមរបស់ប្រជាពលរដ្ឋ បញ្ហាប្រឈម និងតម្រូវការក្នុងមូលដ្ឋាន រួមទាំងសេចក្ដីត្រូវការរបស់យុវជន គឺជាប្រធានបទនៃកិច្ចពិភាក្សា។
លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា មតិយោបល់របស់អង្គប្រជុំដែលពាក់ព័ន្ធនឹងគោលនយោបាយរាជរដ្ឋាភិបាល និងការដឹកនាំរបស់ក្រសួងមហាផ្ទៃ ត្រូវបានកត់ទុកជាធាតុចូលសម្រាប់កិច្ចពិភាក្សានិងតម្រង់ទិស ក្នុងសន្និបាតក្រសួងមហាផ្ទៃខាងមុខនេះ។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី សូមលើកទឹកចិត្តគ្រប់តួអង្គនៃឃុំពាមឯក រួមទាំងឃុំ សង្កាត់ផ្សេងទៀត ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋានខ្លួនប្រកបដោយគុណភាព តម្លាភាព និងគណនេយ្យភាព ផ្ដល់ភាពកក់ក្ដៅ និងទំនុកចិត្តជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕
ដោយ៖ តារា