ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បើករថយន្តម៉ាកVolkswagenបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវម៉ូតូម៉ាកADVជិះដោយបុរសពីរនាក់ផ្លូវត្រង់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នដូចគ្នាជ្រុលទៅបុកបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ម្នាក់និងស្រាម្នាក់ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីឈានចូលថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២៥ ក្រោយមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត ហៅពេទ្យរុស្ស៊ីផ្លូវ៤៣០កែងផ្លូវ១៩៧ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសជនជាតិចិនម្នាក់បានបើករថយន្តម៉ាកVolkswagenពណ៌សពាក់ស្លាកលេខ ភ្នំពេញ2CB 7471 ធ្វើដំណើរតាមផ្លូវ៤៣០ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងឆ្លងផ្លូវឆ្ពោះឡេីងទៅផ្លូវ១៩៧ លុះរថយន្តបត់ឆ្លងបានបន្តិច ក៏ស្រាប់តែមានបុរសពីរនាក់បានជិះម៉ូតូម៉ាកADV ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KP 0889 ជិះធ្វើដំណើរតាមផ្លូវ៤៣០ទិសដៅបញ្ច្រាសគ្នាពី ត្បូងទៅជើង ល្បឿនលឿនហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុកចំពីមុខរថយន្ដចំហៀងខាងឆ្វេងបណ្ដាលឲ្យម៉ូតូដួលអូសទៅមុខប្រហែល១០ម៉ែត្របត់ក្បាលត្រឡប់ក្រោយរងការខូចខាត ព្រមទាំងធ្វើឲ្យបុរសដែលអង្គុយខាងក្រោយរងរបួសបាក់ជើងខាងឆ្វេងហើយចំណែកអ្នកបើកម៉ូតូរបួសរលាត់ដៃរលាត់ជើងតិចតួច អ្នកទាំងពីរនាក់ ត្រូវបានដឹកតាមរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ភ្លាមៗ ។
ដោយឡែករថយន្តរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងអត់មានគ្រោះថ្នាក់ដល់មនុស្សនោះទេ គ្រាន់តែអ្នកបើកបរត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍រងចាំប្រគល់ឲ្យជំនាញចរាចរណ៍ធ្វេីការបន្ត ។
ក្រោយកើតហេតុ អត់មានដំណោះស្រាយភ្លាមៗរថយន្តនិងម៉ូតូរួមទាំងអ្នកបេីកបរ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយជាបន្តទៀត ៕
ដោយ៖សុខាសែនជ័យ