ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តបើកកិច្ខប្រជុំត្រៀមចុះត្រួតពិនិត្យតាមដាននិងស្រង់ទិន្នន័យសំណង់សាងសង់មានលិខិតអនុញ្ញាត និងសំណង់សាងសង់ដោយគ្មានលិខិតអនុញ្ញាតឬសំណង់សាងសង់ខុសពីលិខិតអនុញ្ញាត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ លោកលៀម សុដា អភិបាលរងខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្ត នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំត្រៀមផែនការចុះត្រួតពិនិត្យ តាមដាននិងស្រង់ទិន្នន័យសំណង់ដែលបានសាងសង់ដោយមានលិខិតអនុញ្ញាត និងសំណង់ដែលបានសាងសង់ដោយគ្មានលិខិតអនុញ្ញាតឬសំណង់សាងសង់ខុសពីលិខិតអនុ​ញ្ញាតទាំង៣សមត្ថកិច្ចក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។ ពិធីនេះប្រារព្ធឡើងនៅសាលប្រជុំសាលាខេត្ត បន្ទាយមានជ័យ ដោយមានករចូលរួមពីថ្នាក់ដឹកនាំមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ  កម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុក ក្រុង ទាំង០៩ និងការិយាល័យភូមិបាលស្រុក ក្រុងទាំង០៩ ផងដែរ  ។

មានប្រសាសន៍នាឱកាសនោះ លោក លៀម សុដា បានលើកឡើងថា៖ កិច្ចប្រជុំថ្ងៃនេះគឺត្រៀមផែនការចុះត្រួតពិនិត្យ តាមដាននិងស្រង់ទិន្នន័យសំណង់ដែលបានសាងសង់ដោយមានលិខិតអនុញ្ញាត និងសំណង់ដែលបានសាងសង់ដោយគ្មានលិខិតអនុញ្ញាតឬសំណង់សាងសង់ខុសពីលិខិតអនុ​ញ្ញាតទាំង៣សមត្ថកិច្ចក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។ ទី១-ពាក់ព័ន្ធសំណង់ទាំងអស់ក្នុងមូលដ្ឋានរបស់ខ្លួនមានប្រភេទអ្វីខ្លះ ត្រូវស្រង់ស្ថិតិទិន្នន័យសំណង់និងផ្ទៃក្រឡាឱ្យបានច្បាស់លាស់ ដូចជាសំណង់ឃ្លាំង សំណង់អគារស្នាក់នៅរួម  សំណង់សណ្ឋាគារ  សំណង់កាស៊ីណូ និងអគារខ្ពស់ៗមានប៉ុន្មានជាន់ ទោះបីសំណង់ទាំងនោះស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រុង ស្រុក ខេត្តឬក្រសួងក៏ដោយ ក៌៌ត្រូវពិនិត្យមើលតើសំណង់ទាំងនោះ មានច្បាប់ឬអត់ច្បាប់អនុញ្ញាតឱ្យសាងសង់ទេ។ មួយវិញទៀតកំពុងតែធ្វើច្បាប់សាងសង់ គឺត្រូវបែងចែកឱ្យបានត្រឹមត្រូវរួមទាំងថតជារូបភាពផងដែរ   ។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា៖ប្រតិបត្តិការចុះពិនិត្យនេះ ដឹកនាំដោយលោកអភិបាលឬអភិបាលរងស្រុក ក្រុង មានសមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធ ដោយសហការជាមួយមន្ត្រីជំនាញការិយាល័យភូមិបាលក្រុង ស្រុក មេភូមិ មេឃុំ ចៅសង្កាត់ផងដែរ ។ ការចុះត្រួតពិនិត្យការងារសំណង់នេះ ដោយរយៈកន្លងមកមានការបាក់រលំអគារសំណង់ដែលសាង់សង់ដោយគ្មានច្បាប់អនុញ្ញាត ឬក៏មានច្បាប់អនុញ្ញាតហើយសាងសង់មិនត្រឹមត្រូវទៅតាមបច្ចេកទេសជាដើម ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ដូចកន្លងមកខេត្តបន្ទាយមានជ័យ មាននៅក្រុងប៉ោយប៉ែត ដែលនេះគឺជាបញ្ហាដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួងដែនដី នគរូបនីយកម្ម និងសំណង់  ពិសេសថ្នាក់ដឹកនាំខេត្តដែលយកចិត្តទុកដាក់គិតគូរអំពីគុណភាពនិងសុវត្ថិភាព ។ ទី២- នៅពេលមានការសាងសង់អគារភ្លាមចុះទៅត្រួតពិនិត្យមើលតើការសាងសង់នេះមានច្បាប់ មានប្លង់ស្ថាបត្យកម្មឬទេ បើគ្មានត្រូវផ្អាកការសាងសង់ដោយណែនាំឱ្យគាត់ធ្វើច្បាប់សាងសង់រួចរាល់ទើបអនុញ្ញាត ចំពោះសំណង់មានច្បាប់ហើយក៏ត្រូវត្រួតពិនិត្យដែរ តើការសាងសង់នោះតាមលក្ខណៈបច្ចេកទេសឬអត់?  ប្រសិនបើគ្មានច្បាប់ ឃាត់មិនព្រមផ្អាកលើកទី១ ជាលើកទី២ នៅតែប្រព្រឹត្ត គឺត្រូវអនុវត្តតាមនីតិវិធី ៕

ដោយ ៖ វណ្ណា


ចែករំលែក៖