អ្នកដំណើរនៅលើជើងហោះហើរជា ប្រវត្តិសាស្ត្រដំបូងបង្អស់ពីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសគុយបាភាគច្រើនគឺអ្នកសារព័ត៌មានប្រធានក្រុមហ៊ុនអាកាសចរណ៍ រួមជាមួយអ្នកដំណើរផ្សេងទៀតប្រមានណ ៦០នាក់។
នៅព្រឹកថ្ងៃទី៣១ ខែសីហា យន្តហោះ លេខ Flight 387 របស់ក្រុមហ៊ុនអាកាស ចរណ៍អាមេរិក Jet Blue ដឹកអ្នកដំណើរ ១៥០នាក់បានចុះចតនៅក្នុងអាកាសយាន ដ្ឋានអន្តរជាតិ Santa Clara ប្រទេសគុយបា ក្រោយហោះហើរ៤៥នាទីពីអាកាសយានដ្ឋាន Ft Lauderdale រដ្ឋ Florida សហរដ្ឋ អាមេរិក។ នេះជាការហោះហើរលើកដំបូងបង្អស់ពីអាមេរិកទៅកាន់គុយបាក្រោយ រយៈពេលជាង៥០ឆ្នាំកន្លងមក។
បុគ្គលិកអាកាសយានដ្ឋាន Ft Lauderdle បានបាញ់ទឹកជូនដំណើរយន្តហោះ Flight 387 ទៅកាន់ប្រទេសគុយបា។ ពេលចុះចតនៅក្នុងអាកាសយានដ្ឋាន Santa Clara ប្រទេសគុយបាក៏មានការបាញ់ ទឹកអបអរសាទរជើងហោះហើរពិសេស និងជាប្រវត្តិសាស្ត្រនេះដែរ។
អាកាសយានិកបញ្ជាយន្តហោះទាំងពីររូបគឺជាពលរដ្ឋអាមេរិកដើមកំណើតគុយបា។ ការទៅដល់របស់យន្តហោះមកពីអាមេរិកគឺជាតំណាងនៃទំនាក់ទំនងការបរ ទេសដ៏ល្អប្រសើរឡើងវិញចាប់តាំងពីឆ្នាំ ២០១៥ ដែលប្រទេសទាំងពីរបានតភ្ជាប់ ទំនាក់ទំនងគ្នា។
នៅពេលនេះមានក្រុមហ៊ុនអាកាស ចរណ៍អាមេរិករហូតដល់១០ក្រុមហ៊ុនដាក់លិខិតសុំហោះហើរពីអាមេរិកទៅកាន់គុយបា។ ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់អាមេរិក American Airlines នឹងហោះហើរ នៅថ្ងៃទី៧ ខែកញ្ញាខាងមុខ។
សារព័ត៌មានស៊ីអិនអិនបានដកស្រង់ប្រភពព័ត៌មានពីក្រសួងការបរទេសអាមេរិក ឲ្យដឹងថា អាមេរិកនឹងតភ្ជាប់ការហោះហើរទៅកាន់គុយបាយ៉ាងតិច១១០ជើងក្នុងមួយ ថ្ងៃ៕ ម៉ែវ សាធី