ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលស្រុក ជំរុញដល់ អាជ្ញាធរ ដែលពាក់ព័ន្ធទាំងអស់ត្រូវ យកចិត្តទុកដាក់លើបញ្ហា អនាម័យបរិស្ថាន ជាពិសេស ត្រូវពិនិត្យ និងសម្អាតអោយបានស្អាត បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទៅលើការទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ស៊ូម៉ុល ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងជាអភិបាលស្រុករមាសហែក ជំរុញដល់ អាជ្ញាធរ ដែលពាក់ព័ន្ធទាំងអស់ត្រូវ ក្នុងស្រុក ត្រូវយកចិត្តទុកដាក់លើបញ្ហា អនាម័យបរិស្ថាន ជាពិសេស ត្រូវពិនិត្យ និងសម្អាតអោយបានស្អាត បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទៅលើការទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ។

ការជំរុញបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី១៣ខែ កុម្ភៈឆ្នាំ ២០២៥ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភះនិងលើកទិសដៅការងារខែមិនា ឆ្នាំ២០២៥ របស់រដ្ឋបាលស្រុករមាសហែក  នា សាលប្រជុំសាលាស្រុក។

លោក ស៊ូម៉ុល ក៏បានមានប្រសាសន៍កោតសរសើរ ដល់ មន្ត្រីរាជការ និងកងកម្លាំង ប្រដាប់ អាវុធទាំង ៣ប្រភេទ ក្នុងស្រុករមាសហែក ដែលកន្លងមកបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធិភាព ព្រមទាំង បាន ចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបម្រើសេវាសាធារណៈនានាបានល្អប្រសើ និងបាន កសាង សមិទ្ធផលនានា នៅតាមមូលដ្ឋានឱ្យលេចឡើងជារូបរាងនិង មានភាពរីកចម្រើនស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឪកាសនោះ លោក បានមានប្រសាសន៍ក្រើនរំលឹកដល់ អាជ្ញាធរ ត្រូវបន្តពិនិត្យមើលឡើងវិញនូវរាល់បញ្ហា បញ្ហាប្រឈម នានា នាពេលកន្លងមក មិនត្រូវទុក ចោលនោះទេគឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើងប្រកាន់បក្សពួកនិយម និង គ្រួសារនិយមជាពិសេសត្រូវខិតខំដុសខាត់ទាំងចំណេះដឹងនិងសមត្ថភាព ក្នុងនាមជាតំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋានដើម្បីអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋប្រកបដោយ សមធម៌ បរិយាប័ន្ននិងមានចីរភាពឈានឆ្ពោះទៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។

លោក បានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីរាជការទាំងអស់ក្នុងស្រុក ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទីភារ:កិច្ច ក្នុងការបំពេញការងារប្រកបដោយមនសិការវិជ្ជាជីវ: និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងមានកិច្ចសហការល្អ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងនិងចូលរួមចំណែកធ្វើឲ្យការអនុវត្តការងារ កាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេសការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្ត ឱ្យកាន់តែមានការរីកចម្រើន ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរជាក់ ស្តែងពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានកាន់តែល្អជាងមុន ប្រសិទ្ធភាពជាងមុន និងទទួលបានផលច្រើន ជាងមុនដោយត្រូវប្រកាន់ខ្ជាប់នូវអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺ“ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”និងបាវចនាពីរគឺ “កែទម្រង់ខាងក្នុងនិងបង្កើតមិត្តខាងក្រៅ” ដោយស្មារតីឯករាជ្យ។

លោកអភិបាលស្រុក បន្ថែមថា ក្រោមការដឹកនាំ ដែលមាន លោក ប៉េងពោធ៏សា ជាអភិបាលខេត្ត បានខិតខំប្រឹងប្រែង ធ្វើ ការដោះ ស្រាយនូវរាល់បញ្ហា នានាជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោលនយោបាយភូមិ/ឃុំ មានសុវត្តិភាព នៅតាម មូលដ្ឋានប្រកបដោយប្រសិទ្ធិភាពខ្ពស់និងបានធ្វើការអភិវឌ្ឍខេត្ត។

ក្នុងឪកាសនោះ លោក អភិបាលស្រុក ជំរុញដល់ អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យតាមដានការបង្ករបង្កើនផលស្រូវរដូវប្រាំងរបស់ប្រជាកសិករ ពិសេសបញ្ហាប្រភពទឹកក្នុងការស្រោចស្រពស្រូវ។ 

អាជ្ញាធរ និងកងកម្លាំងគ្រប់មូលដ្ឋានទាំងអស់ នៅតាមបណ្ដារឃុំ ទាំង១៦ បន្តយកចិត្តទុកដាក់លើការបង្ក្រាប ក្មេងទំនើង ដែលបង្ករការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងសង្គមមិនត្រូវលើកលែងឡើយ  ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់ បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ៕

ដោយ៖ សុថាន


ចែករំលែក៖