ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយកើតឡើងទាំងព្រឹក ក្រោយពីមានអគ្គិភ័យឆាបឆេះក្នុងផ្ទះបំផ្លាញពូក ខ្នើយ កន្ទេល បញ្ចេញជាផ្សែងយ៉ាងឃ្មួលខ្មាញ់ ចេញមកក្រៅផ្ទះ ធ្វើឲ្យអ្នកស្រុកអ្នកភូមិព្រលឹងចុងសក់ ព្រោះខ្លាចមានអគ្គិភ័យធំរាលដាល ដល់ផ្ទះពួកគាត់ ។
ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង១០ និង៥០នាទីព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចផ្ទះជាន់ទី១ ផ្ទះលេខ៨២ ផ្លូវ១១៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតគេបានឮនារីម្នាក់ជាម្ចាស់ផ្ទះខាងលើរត់ចេញពីផ្ទះស្រែកឱ្យគេជួយខណៈភ្លើងកំពុងតែត្របាក់ឆេះពូកមិនដឹងមូលហេតុអ្វី។ ពេលនោះអ្នករស់នៅក្បែរនោះនាំគ្នាទាក់ទងទៅកាន់រថយន្តពន្លត់អគ្គិភ័យឲ្យ មកជួយអន្តរាគមន៍ ហើយមានរថយន្តពន្លត់២គ្រឿងចុះមកដែរតែមិនបានបាច់ទឹកទេ ព្រោះ ប្រចាពលរដ្ឋរស់នៅក្បែរនោះយកបំពង់ពន្លត់អគ្គិភ័យបាញ់រលត់អស់ទៅហើយ ។
បន្ទាប់ពីអគ្គិភ័យបានរលត់ទៅហើយនោះ ទើបគេដឹងថា អគ្គិភ័យនេះកើតឡើងបណ្តាលមកពីម្ចាស់ផ្ទះឈ្មោះអារីយ៉ា អាយុ២៩ឆ្នាំសាកបញ្ចូលថ្មទូរស័ព្ទដាក់លើពូកនោះ ទើបក្តៅរហូតឆេះតែម្តង ។
ទោះបីជាយ៉ាងណា អគ្គិភ័យនេះមិនបានរាលដាលដល់ផ្ទះអ្នកដទៃទេ បំផ្លាញពូក សម្លៀកបំពាក់ និង អាសនៈ នៅក្នុងផ្ទះប៉ុណ្ណោះ ៕ ប្រាថ្នា