ខេត្តបន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យ នៅថ្ងៃដំបូងសម្រាប់ប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតជ្រើស ប្រឹក្សាឃុំសង្កាត់ ត្រូវបានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបង្ហាញឱ្យដឹងថា មានប្រជាពលរដ្ឋប្រុស ស្រី មកចុះឈ្មោះសម្រាប់ពេញមួយថ្ងៃបានសរុបចំនួន៤២១៤នាក់ ក្នុងនោះមានស្រីចំនួន១៨៩៣នាក់ ដែលមានមណ្ឌលចុះឈ្មោះសរុប៦៥ ឃុំ សង្កាត់ ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតនៅខេត្តបន្ទាយមានជ័យមានសរុបចំនួន៤៧៤,៨០៣នាក់ ក្នុងនោះស្រី២៤១,៦៩១នាក់ ។
ដំណើរការចុះឈ្មោះ សម្រាប់ថ្ងៃដំបូង ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ នៅខត្តបន្ទាយមានជ័យ ត្រូវបានលោក ហី គឹមសេង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប្រាប់ឱ្យដឹងដំណើរការទៅល្អ មានសន្តិសុខសណ្តាប់ធ្នាប់ល្អគ្មានរារាំងនិងមានបញ្ហាអ្វីកើតឡើងនោះទេ ក្នុងនោះក៏មានអ្នកសង្កេតការណ៍ឯករាជ្យ និងអ្នកសង្កេតការណ៍គណបក្សនយោបាយពាក់ព័ន្ធបានចូលរួមសង្កេតការណ៍ហើយក៏បានទទួលស្គាល់ថាដំណើរចុះឈ្មោះថ្ងៃដំបូងពិតប្រព្រឹត្តទៅដោយរលូន ក្នុងនោះក៏មានការការពារសន្តិសុខរក្សាសុវត្ថិភាព ពីសំណាក់កងកម្លាំងសមត្ថកិច្ច យ៉ាងល្អប្រសើរផងដែរ ។
លោកប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ប្រាប់ឱ្យដឹងថាដំណើរការចុះឈ្មោះបោះឆ្នោតធ្វើឡើងតាមតំណាក់កាល មុនដំបូងចាប់ផ្តើមនៅមណ្ឌលក្នុងសាលាឃុំ សង្កាត់នីមួយៗ ហើយបន្ទាប់មកត្រូវផ្លាស់ប្តូរទីតាំងមណ្ឌលទៅដាក់តាមភូមិវិញ ដើម្បីឱ្យកៀក ប្រជាជនងាយស្រួលនាំគ្នាមកចុះឈ្មោះបោះឆ្នោត។
សូមបញ្ជាក់ថា ដំណើរការចុះឈ្មោះបោះឆ្នោតចាប់ផ្តើមដំណើរការនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ គឺមានរយៈពេល៣ខែ សម្រាប់ ឱ្យប្រជាជនទាំង២ភេទ ដែលមានអាយុចាប់ពី១៨ឆ្នាំ ឡើងទៅនាំគ្នាទៅចុះឈ្មោះបោះឆ្នោត ។ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី គឺជាឯកសារជាផ្លូវការដែលត្រូវបានយកទៅចុះឈ្មោះបោះឆ្នោតនោះ ៕ សំ វិច្ឆិកា