ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈដែលកំពុងជិះម៉ូតូដឹកម៉ូយទៅកន្លែងធ្វើការ និងអ្នកជិះពីក្រោយរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីពេទ្យ ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង០៥និង ១៥នាទីព្រឹកថ្ងៃទី ០២ ខ កញ្ញា ឆ្នាំ ២០១៦ នៅចំណុចផ្លួវព្រះស៊ីសុវត្ថកែងផ្លូវ១៤៤ ស្ថិតក្នុង សង្កាត់ផ្សាកណ្តាលទី ១ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរស ម្នាក់ជិះ ម៉ូតូមួយគ្រឿង ម៉ាក ហុងដា កូរ៉េ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1-BD- 3894 ដឹកនារីម្នាក់ទៅកន្លែងធ្វើការ ដោយជិះក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តក្រុមហ៊ុនស៊ីនទ្រី បើកក្នុងទិសដៅពីលិចទៅកើតតាមផ្លូវលេខ ១៤៤ រួចបត់ស្តាំទៅត្បូង តាមផ្លូវព្រះស៊ីសុវត្ថិដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងកិនពីលើអូសប្រហែល ១០ម៉ែត្រកិនបុរសអ្នកឌុបស្លាប់នៅកន្លែង ចំណែកអ្នកេជិះពីក្រោយត្រូវរងរបួសបាក់ដៃ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។
តាមប្រភពពីគ្រួសារជនរងគ្រោះបានឲ្យដឹងថា កូនគាត់មានឈ្មោះ កែវ ភារុន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរជាកម្មករ និងរត់ម៉ូតូឌុប ស្នាក់នៅ ខណ្ឌ ឬស្សីកែវ នៅមុនពេលកើតហេតុគឺកូនរបស់គាត់ក្រោកពីម៉ោង៤ភ្លឺ ដើម្បីដឹកម៉ូយទៅធ្វើការនៅម្តុំផ្សារកណ្តាលដូចសព្វដង តែជាអកុសល់ថ្ងៃនេះត្រូវបានស្លាប់ ដោយសាររថយន្តដឹកសំរាមបើកបុកទាំងកំរោលបណ្តាលអោយស្លាប់តែម្តង ។ តាមប្រភពពីប្រជាពើរដ្ឋដែលបានឃើញហេតុការណ៍បានប្រាប់អោយដឹងថា អ្នកបើកបររថយន្តដឹកសំរាមនៅម្តុំផ្សារកណ្តាលនេះបើកបរលឿនមិនមានការប្រុងប្រយ័ត្ននិងមិនទទួលការខុសត្រូវពេលមានជួបបញ្ហាម្តងៗ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ និងវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ចំណែកសពជនរងគ្រោះត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅតម្កល់ទុកក្នុងវត្ត ឩត្តរ៉ាវត្តីដើម្បីធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសានា៕ ចាន់ធឿន