ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនបុរសជាអ្នករត់ម៉ូតូឌុបម្នាក់ដកហូតថ្នាំញៀនម៉ាទឹកកក៣កញ្ចប់

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់ជាអ្នករត់ម៉ូតូឌុបត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបង្រ្កាបឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីសមត្ថកិច្ចរកឃើញថាបុរសជាអ្នករត់ម៉ូតូឌុបរូបនេះ លួចបន្លំធ្វើសកម្មភាពជួញដូរគ្រឿងញៀនដោយខុសច្បាប់ ។

ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើងកាលពីវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលំ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០៣កញ្ចប់តូច, កន្ត្រៃចំនួន០១ និងទូរស័ព្ទដៃ០១គ្រឿងផងដែរ ។

មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនស្រុកអង្គស្នួលបានឲ្យដឹងថា ជនល្មើសឈ្មោះ ហែន សុផាត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិភ្លើងឆេះរទេះ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ប្រភពដដែលបន្តថា ជនល្មើសខាងលើនេះជាមុខសញ្ញាជួញដូរគ្រឿងញៀនដែលធ្វើសកម្មភាពក្រោមរូបភាពជាអ្នករត់ម៉ូតូឌុប សកម្មភាពនេះត្រូវបានសមត្ថកិច្ចប៉ុលិសស្រុកអង្គស្នួលស្រាវជ្រាវដឹងតាមទាន់ជាន់កែង រហូតឈានដល់ធ្វើការឃាត់ខ្លួន រួមជាមួយវត្ថុតាងជាក់ស្តែងដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

 

se (1) se se (2)
សូមអានបន្ត ៖ នគរបាលស្រុកមេមត់ឃាត់ខ្លួនយុវជនម្នាក់ជាមួយវត្ថុតាងសង្ស័យជាថ្នាំញៀន១៣កញ្ចប់


ចែករំលែក៖