ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលនៃប្រទេសម៉ាដាហ្កាស្កា បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីផ្តល់លទ្ធភាពដល់សមភាគីម៉ាដាហ្កាស្កា សិក្សាស្វែងយល់អំពីប្រតិបត្តិការនៃប្រព័ន្ធបាគង ការគ្រប់គ្រងទុនបម្រុងអន្តរជាតិ និងការអនុវត្តនយោបាយរូបិយវត្ថុរបស់ប្រទេសកម្ពុជា។ ពិធីចុះអនុស្សរណៈយោគយល់គ្នា បានធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ លោស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង លោក Hon. Aivo H. Andrianarivelo ទេសាភិបាល ធនាគារកណ្តាលម៉ាដាហ្កាស្កា ក្នុងក្របខ័ណ្ឌនៃកិច្ច សហប្រតិបត្តិការគ្នាលើគម្រោងសិក្សាស្រាវជ្រាវ គម្រោងតភ្ជាប់និងនវានុវត្តន៍ហិរញ្ញវត្ថុ ប្រព័ន្ធទូទាត់បាគង ជាដើម ។
លោក ទេសាភិបាលធនាគារកណ្តាលនៃប្រទេសម៉ាដាហ្កាស្កា បានវាយតម្លៃខ្ពស់ចំពោះការអភវិឌ្ឍសេដ្ឋកិច្ច និងប្រព័ន្ធធនាគារកម្ពុជា ជាពិសេសប្រព័ន្ធទូទាត់ បាគង ព្រមទាំងការគរពូនទុនបម្រុងអន្តរជាតិរបស់ប្រទេសកម្ពុជា។ លោក ក៏បានបង្ហាញ សុទិដ្ឋិនិយម ចំពោះកិច្ចសហប្រតិបត្តិការជាមួយធនាគារជាតិនៃកម្ពុជា ដែលនឹងផ្តល់អត្ថ ប្រយោជន៍ទៅវិញទៅមកទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកសង្គម ដូចជា វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ជាដើម ។
នៅក្នុងឱកាសនេះដែរ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅ ដែលធនាគារកណ្តាលម៉ាដាហ្គាស្កា ចាប់អារម្មណ៍សិក្សាស្វែងយល់អំពីប្រព័ន្ធ ប្រតិបត្តិការធនាគារកណ្តាលរបស់ធនាគារជាតិនៃកម្ពុជា ជាពិសេស ប្រព័ន្ធទូទាត់បាគង ព្រមទាំងបង្ហាញឆន្ទៈបង្កើនកិច្ចសហប្រតិបត្តិទ្វេភាគីឱ្យកាន់តែប្រសើរបន្ថែមទៀត ។
លើសពីនេះ លោកស្រីទេសាភិបាល ក៏បានជម្រាបជូនសមភាគីម៉ាដាហ្គាស្កាផងដែរថា កន្លងមក ប្រទេសផ្សេងៗទៀតក៏បានមកសិក្សាស្វែងយល់ពីបទពិសោធន៍របស់ធនាគារជាតិ នៃកម្ពុជា លើការអភិវឌ្ឍប្រព័ន្ធ បាគង ហើយលោកជំទាវក៏បានបង្ហាញក្តីសង្ឃឹមថា ធនាគារ កណ្តាលទាំងពីរនឹងអាចតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនទ្វេភាគីជាមួយគ្នានាពេលខាងមុខ ៕
ដោយ ៖ សិលា