ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងប្រចណ្ឌប្តីចំណាស់កាប់ប្រពន្ធស្លាប់នៅនឹងកន្លែងនិងកូន២នាក់រងរបួស

ចែករំលែក៖

ខេត្តបាត់ដំបង៖ ឃាតកម្មគិតទុកជាមុនមួយបានកើតឡើងដោយសារតែបុរសជាប្ដីមានវ័យចំណាស់ប្រចណ្ឌភរិយាវ័យក្មេងទើបកើតជាអំពើហិង្សាកាប់សម្លាប់ឡើងនៅឯស្រុកមោងឬស្សី ខេត្តបាត់ដំបង។

មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមោងឬស្សីខេត្តបាត់ដំបងបានឲ្យដឹងថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង០២ យប់ទៀបភ្លឺ ត្រង់ចំណុចក្រុមទី១ ភូមិផ្អៀង ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណី ឃាតកម្មគិតទុកជាមុនមួយបានកើតឡើងបង្កដោយជនសង្ស័យឈ្មោះ មុំ ហុង ភេទប្រុស អាយុ ៧០ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្រដាប់ដោយកាំបិតខ្វែវ(ប្រភេទកែច្នៃ) បានធ្វើសកម្មភាពកាប់ទៅលើភរិយាឈ្មោះ ថឿង អែម អាយុ៣៨ឆ្នាំ រស់នៅភូមិផ្អៀង ឃុំកកោះ ស្រុកមោង ឫស្សី ជាច្រើនកាំបិត បណ្តាលឱ្យស្លាប់នៅនឹងកន្លែង រួចបន្តកាប់ទៅលើកូនៗ ២នាក់ ទៀត៖

១.ឈ្មោះ វាណ្ណារ៉ា ឆផ្កា ភេទស្រី អាយុ១១ឆ្នាំ របួសស្មាពីក្រោយចំហៀងខាងឆ្វេង០១កន្លែង របួសមធ្យម(កូនប្តីដើម)និង២.ឈ្មោះ វាណ្ណារ៉ា គន្ធា ភេទស្រី អាយុ០៨ឆ្នាំ របួសចំពីលើក្បាល០១កន្លែង (របួសមធ្យមត្រូវជាកូន បង្កើតជនសង្ស័យ)។ 

ប្រភពពីអ្នកជិតខាងបានឱ្យដឹងថា មុនពេលកើត ហេតុ នៅព្រលប់ៗបុរសជាប្ដីបានសុំទូរស័ព្ទប្រពន្ធដែលជាជនរងគ្រោះមើល ដោយសង្ស័យ ជនរងគ្រោះមានទាក់ទងប្រុសផ្សេង នឹងបានគំរាមជនរងគ្រោះឱ្យប្រយ័ត្នខ្លួន ។ កាយវិការនិងពាក្យសម្ដីរបស់ប្ដី បានធ្វើឱ្យប្រពន្ធជាជនរងគ្រោះខឹង ក៏នាំកូនស្រីទាំង២នាក់ មកដេកនៅរោងគោផ្ទះរបស់ឈ្មោះ ថឿង ផល ហៅមុំ ភេទស្រី អាយុ ប្រហែល៤៥ឆ្នាំ (ត្រូវជាបងបង្កើត ផ្ទះកើតហេតុដែលទុកចោល) ។

នៅពេលនោះ ជនសង្ស័យមកហៅឱ្យទៅដេកផ្ទះវិញ តែជនរងគ្រោះមិនទៅ។ លុះដល់ម៉ោងកើតហេតុខាងលើជនសង្ស័យប្រដាប់ដោយកាំបិតខ្វែវ(ប្រភេទកែច្នៃ) មកធ្វើសកម្មភាពកាប់ជនរងគ្រោះ និងកូនៗ តែម្ដង ។

ប្រជាពលរដ្ឋនៅជិតខាងបានឱ្យដឹងថា រវាងជនរងគ្រោះ និងជនសង្ស័យទើបតែត្រូវរ៉ូវនៅជាមួយគ្នា ទើបតែបានរយៈពេលប្រហែលកន្លះខែទេ។

បន្ទាប់ពីបានទទួលព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកកោះ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានចុះទៅដល់កន្លែងកើតហេតុ និងបានស្រាវជ្រាវរហូតដល់វេលាម៉ោង ០៧ និង៤០នាទីព្រឹក នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រង់ចំណុចអូរប្រដាក់ ភូមិផ្អៀង ឃុំកកោះស្រុកមោងឫស្សី ខេត្តបាត់ដំបង កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យឈ្មោះ មុំ ហុង ភេទប្រុស អាយុ ៧០ឆ្នាំ រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីចាត់ការតាមនីតិវិធី។

នៅក្រោយហេតុការណ៍នោះសមត្ថកិច្ចប្រមូលបាន វត្ថុតាងរួមមាន៖ ១.កាំបិតខ្វែវ(ប្រភេទកែច្នៃ) ចំនួន០១ដើម,២.អាវ ចំនួន១ និងខោចំនួន១ (សម្លៀក បំពាក់ពេលធ្វើសកម្មភាព),៣.ស្បែកជើងងផ្ទាត់ចំនួន១ គូរ (ពាក់ពេលធ្វើសកម្មភាព)។

ដោយមានការសម្របសម្រួលពីលោកកែវ សុជាតិ ព្រះ រាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងនៅវេលាម៉ោង១១ និង២៧នាទី នាថ្ងៃ ខែ ឆ្នាំដដែលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនិងបញ្ជូនទៅស្នងការនគរបាលខេត្តបន្តដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖