ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចប្រធានព្រឹទ្ធសភាវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា-អូស្ត្រាលី

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាត ឱ្យលោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសវនាការនិងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦។

ក្នុងជំនួបសវនាការនេះ សម្តេចប្រធានព្រឹទ្ធសភា បានអបអរសាទរ និងស្វាគមន៍ចំពោះ លោកស្រី Angela Corcoran ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភាមានសេចក្តីសង្ឃឹមថា បេសកកម្មការទូតនេះ នឹងរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ និងកាន់តែផ្លៃផ្កា ឡើងថែមទៀត។

លោកស្រីឯកអគ្គរដ្ឋទូតអូស្ត្រាលីបានថ្លែងអំណរគុណចំពោះសម្តេច ប្រធានព្រឹទ្ធសភានិងបានបញ្ជាក់ថា តាមរយៈបេសកកម្មការទូតនេះ លោកជំទាវសន្យាថានឹងខិតខំជំរុញឱ្យមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងសភានៃប្រទេសទាំងពីរកាន់តែល្អប្រសើរថែមទៀត។

លោកស្រីឯកអគ្គរដ្ឋទូតបានជម្រាបជូនសម្តេចវិបុលសេនាភក្តីថា កាលពីខែមីនាកន្លងមកនេះ គណៈប្រតិភូរដ្ឋសភា កម្ពុជាដែលដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទៅបំពេញទស្សនកិច្ច នៅប្រទេស អូស្ត្រាលី ហើយនៅក្នុងខែវិច្ឆិកាខាងមុខនេះ សភាអូស្ត្រាលីមានបំណងអញ្ជើញតំណាងសភាកម្ពុជា ជាមួយនឹងសមាជិកសភា អាស៊ានផ្សេងទៀត ទៅធ្វើទស្សនកិច្ចនៅភាគខាងលិច ប្រទេសអូស្រ្តាលី និងទីក្រុងកំប៊ែរ៉ាផងដែរ។

លោកស្រីបានជម្រាបផងដែរថា ដោយឆ្នាំនេះជាឆ្នាំបោះឆ្នោតរបស់ប្រទេស អូស្ត្រាលី ព្រឹទ្ធសភាអូស្ត្រាលី នឹងស្វាគមន៍គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា ដឹកនាំដោយលោកស្រី ទី បូរ៉ាស៊ី ទៅធ្វើទស្សនកិច្ចនៅប្រទេសអូស្ត្រាលីនៅឆ្នាំក្រោយវិញ។

លោកស្រី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យរវាងប្រទេស ទាំង២កម្ពុជា-អូស្ត្រាលី ជាអាទិ៍ លើវិស័យកសិកម្ម ឧស្សាហកម្ម អប់រំ ដោះមីន ពាណិជ្ជកម្ម និងវិនិយោគទុន។

លោកស្រីបានបញ្ជាក់ថា ក្នុងពេលដែលប្រទេសកម្ពុជាបានក្លាយខ្លួនពីប្រទេស ដែលមានប្រាក់ចំណូល ទាប ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប សហប្រតិបត្តិការកម្ពុជាអូស្ត្រាលី លើគ្រប់វិស័យ និងមានសក្តានុពលថ្មីថែមទៀត។

ជាមួយគ្នានោះ អូស្ត្រាលីក៏បានផ្តល់វិភាគទានជាបន្តបន្ទាប់ក្នុងដំណើការនៃសាលាក្តីខ្មែរក្រហម។ ដោយឡែកចំពោះវិស័យអប់រំ អូស្ត្រាលីបានបង្កើនអាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន៥០នាក់ក្នុងមួយឆ្នាំ។

ក្រោមផែនការកូឡុំបូ និស្សិតអូស្ត្រាលី បានធ្វើដំណើរមកកម្ពុជា ក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងជំរុញ ការកសាងភាពជាអ្នកដឹកនាំ ដោយក្នុងឆ្នាំនេះ ចំនួន៣០០នាក់ និងឆ្នាំក្រោយនឹងរំពឹង ថាដល់៤០០នាក់។

និស្សិតអូស្ត្រាលី ចូលចិត្តមកកម្ពុជា ដែលជាទិសដៅទី៥ដ៏មានប្រជាប្រិយភាពនៅក្នុងរង្វង់អាស៊ាននេះ។ ទន្ទឹមនឹងនេះ លោកស្រីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមចំណែក ដ៏សំខាន់តាមរយៈអនុស្សរណៈស្តីពីការទទួលយកជនភៀសខ្លួនបរទេស ដែលជាការបង្ហាញអំពី ឆន្ទៈដ៏ខ្ពង់ខ្ពស់របស់កម្ពុជា។

ជាការឆ្លើយតប សម្តេចប្រធានព្រឹទ្ធសភា បានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូតថា ព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា និងរូបសម្តេចផ្ទាល់នឹងត្រៀមខ្លួនជានិច្ច ធ្វើកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធ ជាមួយ លោកជំទាវ និងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដើម្បីពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រជាជន និងប្រទេសទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយ ពេញចិត្ត និងវាយតម្លៃខ្ពស់អំពីការរីកចម្រើន ប្រកបដោយលទ្ធផលជាផ្លែផ្កា នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេស ទាំង២ ដែលក្នុងនោះមានការផ្លាស់ប្តូរលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កាន់តែរីកចម្រើន ឡើងជាបន្តបន្ទាប់។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជន អូស្ត្រាលីដែលបាន ផ្តល់ជំនួយអភិវឌ្ឍន៍ និងជំនួយបច្ចេកទេស រួមមានវិស័យកសិកម្ម អប់រំ សុខាភិបាល អភិវឌ្ឍន៍ជនបទ ហេដ្ឋារចនាសម្ព័ន្ធ ច្បាប់និងយុត្តិធម៌ ព្រហ្មទណ្ឌ ឧក្រិដ្ឋកម្មឆ្លង ដែន ហិង្សាប្រឆាំងនឹងស្រ្តី សិទ្ធិជនពិការ និងការអភិវឌ្ឍធនធានមនុស្ស។ ក្នុងនោះ ផ្តល់ជំនួយសម្រាប់សាលាក្តីខ្មែរក្រហម កំណែទម្រង់ការបោះឆ្នោត ការគាំទ្រការអភិវឌ្ឍ សមត្ថភាពកម្ពុជាក្នុងការបោសសំអាតមីន។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ថា ក្នុងនីតិកាលទី៣នេះ ព្រឹទ្ធសភាកម្ពុជា បានបង្កើតក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយសភាអូស្រ្តាលី។

សម្តេចសង្ឃឹមថា នឹងមានការផ្លាស់ប្តូរដំណើរទស្សនកិច្ច ច្រើនកម្រិត ទាំងកម្រិតខ្ពស់ កម្រិតបច្ចេកទេស និងអគ្គលេខាធិការដ្ឋានរវាងសភាទាំងពីរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក។

សម្តេចប្រធានព្រឹទ្ធសភា បានផ្តាំផ្ញើការសាកសួរសុខទុក្ខជូនចំពោះឯកឧត្តមប្រធានព្រឹទ្ធសភាអូស្រ្តាលី និងស្នើសុំលោកជំទាវ បន្តជំរុញនូវការផ្តល់ជំនួយបច្ចេកទេសផ្នែក ម៉ាស៊ីនកិនស្រូវ និងទិញអង្ករពីកម្ពុជា ព្រមទាំងបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសអូស្រ្តាលី និងស្នើអូស្ត្រាលី បន្តជំរុញវិនិយោគិនឱ្យមកបណ្តាក់ ទុននៅកម្ពុជា និងអ្នកទេសចរឱ្យមកទស្សនា នៅកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត៕ ហេង សូរិយា

3 2 1 4


ចែករំលែក៖