ខេត្តកណ្តាលៈ នាព្រឹកថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៦ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណ:ពង្រឹងមូលដ្ឋានស្រុកពញាឮ បានចុះជួបសំណេះសំណាលជាមួយបងប្អូនជា ប្រជាការពារនៅក្នុងស្រុកពញាឮចំនួន ២.៥២១ នាក់ ។
ថ្លែងក្នុងពិធីសំណេះសំណាលនេះ លោក លឹម គានហោ បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនជាប្រជាការពារទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ចូលរួមសហការជាមួយអាជ្ញាធរដែនដី ធ្វើឲ្យភូមិឃុំរបស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាភូមិឃុំ ប្រកបដោយសុវត្ថិភាព ពិសេសគឺចូលរួមការពារសមិទ្ធផលនានា ដែលជាសម្បត្តិរួមរបស់យើងឲ្យបានគង់វង់យូរអង្វែង ដើម្បីជាប្រយោជន៍របស់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ ។
លោករដ្ឋមន្ត្រីបានធ្វើការក្រើនរំលឹកដល់ប្រជាការពារទាំងអស់ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត និងណែនាំបង ប្អូន កូន ក្មួយ និងសាច់ញាតិ អ្នកជិតខាង ដែលគ្រប់អាយុបោះឆ្នោត ទៅចុះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីត្រៀមបោះឆ្នោតក្រុមប្រឹក្សាឃុំ និងបោះឆ្នោតសកល នាឆ្នាំ២០១៧ និង ២០១៨ ខាងមុខនេះ ។ លោកសង្កត់ធ្ងន់ថា បើយើងមិនបានចុះឈ្មោះទេ គឺយើងមិនមានសិទ្ធិនៅក្នុងការ បោះឆ្នោតនាពេលខាងមុខឡើយ ។
នៅក្នងឱកាសជួប
សំណេះសំណាលនេះដែរ លោក រដ្ឋមន្ត្រីបានឧបត្ថម្ភដល់បងប្អូនប្រជាការពារទូទាំងស្រុកពញឮ នូវ :
-ឯកសណ្ឋានប្រជាការពារ( អាវ ខោ មួក ស្បែកជើង )ចំនួន ២.៥២១ កំប្លេ ២- អាវចំណាំងផ្លាតចំនួន ៦៤៥ អាវ ៣-បំពាក់វិទ្យុទាក់ទងបន្ថែម ដើម្បីអាចឲ្យបងប្អូនទាក់ទងគ្នាបានទូទាំងស្រុក
៤-ផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែដល់ប្រជាការពារទាំងអស់ ម្នាក់ៗ ៤០.០០០ រៀល ក្នុង ១ ខែ ។
៥-ឧបត្ថម្ភប្រជាការពារ កងកម្លាំងប្រដាប់អាវុធ និងអ្នកចូលរួមក្នុងពិធីនេះ សរុប ២.៨០០ នាក់ ក្នុងម្នាក់ៗ ចំនួន ១០.០០០ រៀល ៕ សុខ ខេមរា