ភ្នំពេញ: ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់អតីតមិត្តប្រុសកញ្ញា វ៉ាន់ នីឡា តារាចម្រៀងប្រចាំផលិតកម្ម Plang Records ចំនួនពីរបទល្មើស ។
មន្ត្រីតុលាការ ថ្លែងថា បច្ចុប្បន្នសំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ក្រោមរូបភាពជនត្រូវចោទនៅក្រៅឃុំ ។
លោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលកាន់សំណុំរឿងនេះ ពុំអាចសុំការបញ្ជាក់បានទេ កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ ដោយសារទូរស័ព្ទមិនអាចទំនាក់ទំនងបាន ។
ប៉ុន្តែប្រភពព័ត៌មានពីមន្ត្រីតុលាការ បញ្ជាក់ថា តុលាការសម្រេចចោទប្រកាន់ឈ្មោះ សិទ្ធិ ស័កិ្ត អាយុ២៦ឆ្នាំ មានតួនាទីជាប៉ូលិសស័ក្ដិបួនកន្លះ និងត្រូវជាកូនមន្រ្តីប៉ូលិសពាក់ផ្កាយ៣ ដ៏មានអំណាចមួយរូប បម្រើការងារក្នុងក្រសួងមហាផ្ទៃ ក្រោមការចោទប្រកាន់ពីបទ ” បង្ហោះរូបភាពអាសអាភាសនិងអំពើហិង្សាដោយចេតនា ” ។
គួរបញ្ជាក់ថា រូបភាពអាក្រាតកាយជាច្រើនសន្លឹករបស់តារាចម្រៀង ប្រចាំក្នុងផលិតកម្ម Plang Records កញ្ញា វ៉ាន់ នីឡា ត្រូវបានបង្ហោះតាមបណ្ដាញសង្គម Facebook ខណៈដែលរូបអាក្រាតទាំងនោះ ត្រូវបាននាងថតក្នុងបន្ទប់ទឹក និងនៅលើគ្រែគេង។
ជាការឆ្លើយតបចំពោះអំពើអសីលធម៌នេះ កញ្ញា វ៉ាន់ នីឡា បានដាក់ពាក្យបណ្ដឹងចូលក្រសួងមហាផ្ទៃ ប្តឹងអតីតមិត្តប្រុសឈ្មោះ សិទ្ធិ ស័ក្តិ ដើម្បីទាមទារយុត្តិធម៌ ។
ក្រោយការស្រាវជ្រាវ សមត្ថកិច្ចបានបញ្ជូនសំណុំរឿងនេះ មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត ។
បន្ទាប់ពីដើមបណ្ដឹង គឺ កញ្ញា វ៉ាន់ នីឡា បានចូលបំភ្លឺ រីឯ ជនសង្ស័យមិនព្រមចូលបំភ្លឺរួចហើយ តុលាការក៏សម្រេចចោទប្រកាន់ឈ្មោះ សិទ្ធិ ស័ក្តិ តែម្តង ៕ ចេស្តា