ព័ត៌មានទាន់ហេតុការណ៍៖

ពិធីបួងសួងយាងព្រះបដិមាពីបាតទន្លេលើកទី៣បានរកឃើញ៣ព្រះអង្គ និងទូកឈើមួយគ្រឿង

ចែករំលែក៖

កណ្តាលៈ ដោយសារតែមានឧបនិស្ស័យនឹងព្រះសម្មា សម្ពុទ្ធ ជាម្ចាស់និងចាត់ទុកជាការរួមចំណែកទ្រទ្រង់វិស័យព្រះពុទ្ធសាសនាឲ្យរុងរឿងនោះ      លោកស្រីឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បានរៀបចំពិធីបួងសួងយាងព្រះរូបព្រះវររាជមាតាចតុទិសពីបាតទន្លេមុខ៣ជ្រោយលង្វែក ជាលើក ទី៣ ដោយក្នុងស្រង់បានព្រះបដិមា ៣ ព្រះអង្គ ទូកឈើ ១ គ្រឿង និង គ្រឿងភាជន៍សម័យបុរាណបែកបាក់មួយចំនួន ។

ពិធីបួងសួងយាងព្រះរូបព្រះវររាជមាតាចតុទិសពីបាតទន្លេ៣មុខជ្រោយលង្វែក ជាលើក ទី៣ នេះបានប្រព្រឹត្តទៅកាលពីថ្ងៃ ១កើត ខែភទ្របទ ឆ្នាំវក អដ្ឋស័ក ព-ស ២៥៦០ ត្រូវនឹងថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០១៦ នៅទន្លេ៣មុខលង្វែក ស្ថិតនៅព្រំប្រទល់ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នឹង ស្រុកពញាឮ ខេត្ត កណ្តាល ដោយមានការនិមន្តចូលរួមពីសម្តេចឧត្តមបញ្ញា ដូង ផង់ ព្រះចៅអធិការវត្តព្រែកប្រាំង និងឧ បាសក ឧបាសិកា យាយជី តាជី មកពីទីជិតឆ្ងាយ ជាង៥០នាក់ផងដែរ ហើយពិធីនេះរៀបចំធ្វើឡើងដោយ ជិះសាឡង់ដ៏ធំមួយប្រារព្ធនៅកណ្តាលទន្លេតែម្តង ។

លោកស្រីឧកញ៉ា សៀង ចាន់ហេង មានប្រសាសន៍ថា នេះជាលើកទី៣ហើយ ដែល លោកស្រីឧកញ៉ា បានផ្តួចផ្តើមរៀបចំស្រង់ព្រះបដិមាក្នុងសម័យលង្វែកដែលមានអាយុកាល ជាង៥០០ឆ្នាំមកហើយនោះ បន្ទាប់ពីលើកទី១ ស្រង់បាន ៦ ព្រះអង្គ លើកទី២២ ព្រះអង្គ និង លើកទី៣ នេះបាន៣ព្រះអង្គនេះ សរុប ៣១ ព្រះអង្គរួមនឹងគ្រឿងភាជន៍បុរាណជាច្រើនទៀត។ ក្នុងនោះដែរក្រុមអ្នកមុជទឹក បានរកឃើញទុកឈើមួយគ្រឿង មានប្រវែងជាង៦ម៉ែត្រ ដែលទូកនេះតាមសម្តេចព្រះឧត្តមបញ្ញា ដូង ផង់ មានព្រះបន្ទូលថា ជាទូកប្រជាពលរដ្ឋសាមញ្ញបានលិចនៅទីនេះ អំឡុងជាង១០ឆ្នាំមកហើយ មិនពាក់ព័ន្ធទូក បុរាណនោះទេ ។

លោកស្រីឧកញ៉ាបន្តថា បន្ទាប់ពីយើងរកឃើញព្រះបដិមាតូចៗច្រើនអង្គ គ្រឿងភាជន៍ច្រើនបែប និងទូកឈើមួយគ្រឿង យើងបានរៀបចំពិធីដង្ហែពីច្រាំងទន្លេទៅតម្កល់រក្សាទុកនៅ វត្តព្រែកប្រាំង រង់ចាំធ្វើពិធីអភិសេកដ៏ធំនៅពេលក្រោយ ហើយបើតាមគម្រោងទៅថ្ងៃអនាគត លោកស្រីឧកញ៉ានឹងសាងសង់ប្រាសាទធំមួយ ប្រសាទតូចពីរ សម្រាប់តម្កល់សម្បត្តិអច្ឆរិយ ទាំងអស់នេះ សម្រាប់ទុកជាទីសក្ការៈកូនចៅស្រករក្រោយ គោរពបូជា ។

សម្តេចឧត្តមបញ្ញា ដូង ផង់ ព្រះចៅអធិការវត្តព្រែកប្រាំង មានព្រះបន្ទូលថា ព្រះពុទ្ធរូប ដែលបានរកឃើញនៅបាតទន្លេក្បាលកោះលង្វែកនេះមានអាយុកាលរាប់រយឆ្នាំមកហើយ គឺតាំងពីក្នុងក្នុងសម័យលង្វែកខ្លះ សម័យឧត្តុង្គខ្លះ ហើយក៏មានព្រះពុទ្ធរូបខ្លះសាងឡើងក្នុងសម័យអង្គច័ន្ទរាជា គឺគង់នៅក្រុងឧត្តុង្គ ដោយធ្វើពី១-មាស និងប្រាក់ ២-លាយស្មិត ស្ពាន់លោហិន  និង៣ បាយអជាមួយបាយបិណ្ឌ ពោលគឺ១បិណ្ឌគេទុកបន្តិច រួចយកមកបុកលាយជាមួយធ្វើជាព្រះពុទ្ធរូប ។ នេះជាឧបនិស្ស័យល្អរបស់អ្នកផ្តួចផ្តើមស្រង់ព្រះអង្គពីបាត ទន្លេ រកបុណ្យអ្វីមិនស្មើឡើយ ៕ ប្រាថ្នា

 

A4 A6 A5 A3 A2 A1 A7


ចែករំលែក៖