ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់បន្ទាប់ពីផឹកថ្នាំសរសៃប្រាសាទលើសចំណុះ

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីបុរសរូបនេះផឹកថ្នាំសសៃប្រាសាទលើសចំណុះ បណ្តាលឲ្យធ្លាយក្រពះ ។ សាកសពជនរងគ្រោះត្រូវបានបងថ្លៃប្រទះឃើញដេកស្លាប់នៅលើគ្រែក្នុងផ្ទះ ស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ ។

មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គៀន សុខគឿន ហៅអេម ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ។ ជនរងគ្រោះជាមនុស្សមានជម្ងឺសសៃប្រាសាទ កាមរោគ និងជម្ងឺក្រពះប្រចាំកាយ ។ មូលហេតុនាំឲ្យជនរងគ្រោះដេកស្លាប់ ត្រូវបានសមត្ថកិច្ចប៉ូលិសជំនាញបច្ចេកទេស-វិទ្យាសាស្ត្រនិងគ្រូពេទ្យអះអាងថា បណ្តាលមកពីជនរងគ្រោះផឹកថ្នាំសសៃប្រាសាទលើសចំណុះ ធ្វើឲ្យធ្លាយក្រពះស្លាប់យ៉ាងដូច្នេះ ។

យោងតាមការបំភ្លឺរបស់សាច់ញាតិជនរងគ្រោះបានឲ្យដឹងថា កន្លងមកជនរងគ្រោះបានប្រើប្រាស់ញៀនថ្នាំ ទើបបណ្តាលឲ្យមានជម្ងឺសសៃប្រសាទ ហើយជនរងគ្រោះបានប្រើថ្នាំសសៃប្រសាទលើសចំណុះ ដោយសារថ្នាំមួយដបគ្រូពេទ្យឲ្យបានបាត់សាច់ញាតិរកមិនឃើញនៅកន្លែងទុកដូចសព្វមួយដង ។

ករណីនេះមន្ត្រីជំនាញបច្ចេកទេសខេត្ត ស្រុក គ្រូពេទ្យឃុំ និងអាជ្ញាធរភូមិ-ឃុំ ពិនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោសារជម្ងឺខ្លួនឯងពិតប្រាកដមែន ។ ក្រោយពីពិនិត្យចប់សព្វគ្រប់សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះ ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ

aes (3) aes (2) aes (1) aes aes (4)


ចែករំលែក៖