ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ​ហុងដា​ឌ្រីម​បុក​រថយន្ត​ដឹក​បន្លែ​នៅ​ផ្លូវ​បំបែក​ជាបួន​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​

ចែករំលែក៖

​     ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមបោះពួយលឿនជ្រុលទៅបុករថយន្តដឹកបន្លែនៅផ្លូវបំបែកជាបួនបណ្ដាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ ។ 

​   ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង​១០នាទី​រំលងអធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០២៥​ តាមបណ្ដោយផ្លូវម៉ៅសេទុង​កែង​ផ្លូវ​២០៥​ សង្កាត់​ទួលស្វាយព្រៃទី២​ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។  

​    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តប្រភេទដឹកទំនិញម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2E-0020 ដោយរថយន្តខាងលើបានដឹកបន្លែចម្រុះពេញរថយន្តបើកតាមបណ្ដោយផ្លូវ២០៥ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវបំបែកជាបួនក៏ស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1GC-5880 ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេងទុងក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿនហើយជាន់ហ្រ្វ័ង​មិនទាន់ក៏ជ្រុលទៅបុករថយន្តយ៉ាងពេញទំហឹង ធ្វើឱ្យម៉ូតូខ្ទេចផ្នែកខាងមុខ ឯអ្នកបើកម៉ូតូរងរបួសបែកក្បាលសន្លប់ស្តូកស្តឹងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ។ 

​   ដោយឡែកខាងរថយន្តរងការខូចខាតទ្វារមុខចំហៀងខាងឆ្វេងបែកកញ្ចក់អ្នកបើកបរអត់រងបួសនោះទេ តែបានគេចចេញទៅបាត់ ។ 

​   ក្រោយកើតហេតុ​អត់​មានដំណោះស្រាយ​ មធ្យោបាយ​ទាំងអស់​ត្រូវ​សមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដំណោះស្រាយ​ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖