ភ្នំពេញ៖ តារាចម្រៀងប្រុសស្រីនៃព្រះរាជាណាចក្រកម្ពុជា និងថៃ បានធ្វើឲ្យកកក្រើកកម្មវិធីប្រគុំតន្ត្រីធំមួយ កាលពីរាត្រីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលកីឡា Tiffy Arena ជ្រោយចង្វារ ។ ព្រឹត្តិការណ៍ប្រគុំតន្ត្រី និងតាំងពិព័រណ៍ផលិតផលជាច្រើនដែលរៀបចំដោយស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥នេះ ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងក្រោយពីអ្នកផលិតកម្មវិធីបង្កើតឲ្យមានជំនួបតារាខ្មែរ-ថៃល្បីៗជាច្រើនលើកបន្តបន្ទាប់គ្នា ។
ក្រោយពីបើកការប្រគំតន្ត្រីយ៉ាងកក្រើក កាលពីលើកទី១ ដោយមានតារាចម្រៀង ទិក ហ្ស៊ីរ៉ូ ចូលរួមកាលពីដើមខែមុន ប៉ុស្ដិ៍លេខ៥ ក៏បើកការប្រគំតន្ត្រីយ៉ាងកក្រើកជាលើកទី២ ដោយមានវត្តមានតារាខ្មែរ និងតារាថៃចូលរួម ។ តារាទាំងនោះ ត្រូវគេឃើញប្រទាញបានអ្នកគាំទ្រ ដោយឡែកពីគ្នាដែលធ្វើអោយទិដ្ឋភាពប្រគំតន្ត្រីនៅសាលកីឡា Tiffy Arena ជ្រោយចង្វារ ដែលអមដោយវេទិកាតាំងពិព័រណ៌មានអ្នកទស្សនាយ៉ាងច្រើនកុះករ ។
សិល្បករកម្ពុជា មានដូចជាតារថាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វិរៈយុទ្ធ កញ្ញា យូរី រីឯតារាចម្រៀងថៃចំនួន៣រូប គឺលោកខាល់ ឡឺភីត លោក ហ៊ន និងលោក កុនិផុន ដែលសុទ្ធតែជាតារាចម្រៀងមានឈ្មោះបោះសំឡេងនៅក្នុងប្រទេសថៃ ។ បទចម្រៀងមនោសញ្ចេតនា និងញាក់កន្ត្រាក់អារម្មណ៍ដ៏ពេញនិយមជាច្រើនបទរបស់របស់តារាចម្រៀងទាំងបីរូបខាងលើបានបង្កើតឲ្យមានសំឡេងហ៊ោកញ្ជៀវយ៉ាងកងរំពងពីអ្នកទស្សនា ។
អ្នកផលិតកម្មវិធីរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥បានបញ្ជាក់ថា ការអញ្ជើញសិល្បករល្បីឈ្មោះនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឲ្យមកច្រៀងរួមគ្នាលើឆាកតែមួយនេះគឺដើម្បីបង្កើតទស្សនីយភាពប្លែកភ្នែកសម្រាប់ទស្សនិកជន ។ អ្នករៀបចំកម្មវិធីបានអះអាងថា វេទិកាដែលតារាទាំងពីរក្រុមប៉ះគ្នារៀងរាល់ដើមខែម្ដងនោះមានឈ្មោះថាតន្ត្រី«ខ្មែរញញឹម»ដោយប៉ុស្ដិ៍លេខ៥ជាអ្នករៀបចំទាំងស្រុងក្នុងការអញ្ជើញតារាចម្រៀងខ្មែរនិងថៃល្បីៗអោយប៉ះគ្នាមួយខែម្ដង។
ព្រឹត្តិការណ៍នេះ ត្រូវបានប្រកាសថានឹងបន្តធ្វើរហូតដល់ចុងឆ្នាំ២០១៦ ដោយនៅដើមខែក្រោយ អ្នករៀបចំកម្មវិធី នឹងបង្ហាញវត្តមានតារាចម្រៀងថៃកាន់តែល្បីដើម្បីទាក់ទាញអ្នកទស្សនានិងការតាំងពិព័រណ៌ ។ ផលិតករបញ្ជាក់ដែរថានឹងបន្តបង្កើតឲ្យមានព្រឹត្តិការណ៍ប្រគំតន្ត្រីដែលមានវត្តមានតារាកម្ពុជា និងថៃ បន្តទៀតដើម្បីបម្រើអារម្មណ៍ទស្សនិកជនកាន់តែច្រើន ៕ វឌ្ឍនា