ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចសុីសRX 300 បុកក្បាលព្រួញថ្មពុះចែកផ្លូវបាក់២កង់រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

​    ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តឡិចស៊ីសRX300មួយគ្រឿងសង្ស័យងងុយដេកក៏ងោកមួយភាំងធ្វើឱ្យរេចង្កូតជ្រុលទៅបុកក្បាលព្រួញថ្មពុះចែកផ្លូវបាក់២កង់ បណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៥ ទល់មុខផ្សារទំនើបខេធីម៉ល ផ្លូវ២១៧ សង្កាត់វាលវង់ ខណ្ឌមករា រាជធានីភ្នំពេញ ។

​    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកឡិចស៊ីសRX300 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AF -7285 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿន លុះមកដល់ចំនុចកើតហេតុ ដោយសារថាអ្នកបើកបរងងុយដេកក៏ងោកមួយភាំងទើបធ្វើអោយរថយន្តរេចង្កូតជ្រុលទៅបុកក្បាលព្រួញថ្មពុះចែកផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខ ព្រមទាំងធ្វើអោយរបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់ចំនួន២កង់ផងដែរ ។ដោយឡែកក្នុងករណីនេះផងដែរ មិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ហើយភ្លាមៗអ្នកបើកបររថយន្ដបានដើរចេញពីកន្លែងកើតហេតុបាត់ទៅ ។

​     ក្រោយកើតហេតុ រថយន្តត្រូវសមត្ថកិច្ចជំនាញចរាចរណ៍ស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដំណោះស្រាយនៅពេលក្រោយ​ ៕

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖