ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់ ជូនដំណើរសាសនិកឥស្លាម ១២០នាក់បន្ថែមទៀត ទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជី នៅអារ៉ាប់ ចុងក្រោយឆ្នាំ២០១៦ សរុប៨០០នាក់

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានចូលរួម ជូនដំណើរបងប្អូន សាសនិកឥស្លាមចំនួន ១២០នាក់ បន្ថែមទៀត ដែលចេញដំណើរ ទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជី  នៅប្រទេស អារ៉ាប៊ីសាអូឌីត ដែលជាក្រុម ត្រូវចេញដំណើរចុងក្រោយបង្អស់ សម្រាប់ឆ្នាំ២០១៦នេះ ដើម្បីចេញដំណើរ បង្គ្រប់ក្នុងគម្រោង ៨០០នាក់ តាមកិច្ចសន្យា រវាង ប្រទេសកម្ពុជា និងអារ៉ាប់ប៊ីសាអូឌិត ។
ការចេញដំណើររបស់បងប្អូនសាសនិកឥស្លាមទាំង១២០នាក់នេះ បានប្រព្រឹត្ដ ទៅកាលពីថ្ងៃទី ០៤ កញ្ញា ឆ្នាំ២០១៦ នៅអាកាសយាន្ដរដ្ឋានអន្ដរជាតិភ្នំពេញ  ។

ក្នុងនាមតំណាងឲ្យបងប្អូនសាសនិកឥស្លាម លោកសូម ចូលរួម
អបអរសាទរ សម្រាប់លទ្ឋផល នៃការដាក់ពាក្យសុំបែបបទ ធ្វើទិដ្ឋាការទៅប្រារព្ឋ ពិធីបុណ្យហាជ្ជនៅឆ្នាំនេះ សម្រាប់កម្ពុជា គឺគ្មានបញ្ហាកកគាំង រឺដាក់កម្រិតតាមចំនួនកំណត់ ដូចកាលពីឆ្នាំកន្លងទៅឡើយ ។

លោកបន្ដថា ៖ ឆ្នាំនេះ ដោយមានកិច្ចអន្តរាគមន៍ពី សម្តេចអគ្គមហា សេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសម្រួលលើបញ្ហានេះ សម្តេចនាយករដ្ឋមន្រ្តី បានអនុញ្ញាត អោយខ្ញុំជាតំណាងអញ្ជើញទៅ ដោះស្រាយជាមួយក្រសួង កិច្ចការហាជ្ជប្រទេស អារ៉ាប៊ីសាអូឌីត  ។
ជាលទ្ធផល ក្នុងជំនួបសម្តែងការគួរសម របស់ខ្ញុំជាមួយលោក Bandar Al Hajjar រដ្ឋមន្រ្តីក្រសួង កិច្ចការហាជ្ជនៃប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៦ នៅទីស្តីការក្រសួងកិច្ចការហាជ្ជ លោករដ្ឋមន្រ្តីបានសន្យាសម្រួលមិនដាក់ បន្ទុកកំណត់របិមាណ ដល់សាសនិក ខ្មែរឥស្លាម ដែលស្នើសុំចេញទិដ្ឋាការ ទៅប្រារព្ឋពិធីបុណ្យហាជ្ជបីដូចជា ឆ្នាំ២០១៥ ទៀតឡើយ ទោះបីជាលទ្ឋភាព របស់ពលរដ្ឋកម្ពុជា បានកើនឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែបរិមាណ នេះក្រសួងកិច្ចការហាជ្ជនៅតែអាចផ្តល់ការអនុគ្រោះ ជាពិសេស ដោយឃើញពីទំនាក់ទំនងល្អរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយប្រជាពលរដ្ឋជាទូទៅ រួមទាំងសាសនិកឥស្លាមផងដែរ”  ។

លោក អូស្មាន ហាស្សាន់ បាន បញ្ជាក់ថា ឆ្នាំនេះសាសនិកឥស្លាម ដែលបាន និង កំពុងចេញដំណើរជាបន្តបន្ទាប់ ទៅបំពេញកាតព្វកិច្ចពិធីបុណ្យហាជ្ជ មានចំនួន ៨០០នាក់ ដែលចំនួននេះ គឺមិនទាន់មានបុគ្គលណាម្នាក់ ត្រូវបានបិទមិនចេញ ទិដ្ឋាការជូននោះឡើយ ។
លោកបន្ដថា៖ ក្នុងនាមរាជរដ្ឋាភិ បាល កម្ពុជាបានសន្យាថា នឹងបន្តនៅជាមួយបងប្អូន ហើយតស៊ូដោះស្រាយរាល់បញ្ហាកង្វល់នានា ដែលកើតឡើងទាំងមុន កំពុង និងក្រោយកិច្ចការប្រារព្ធពិធីបុណ្យហាជ្ជនេះ ជាពិសេសលោក ក៏បានអោយ បណ្តាក្រុមហ៊ុនអ្នកដឹកនាំហាជ្ជទាំងអស់ ផ្តល់លេខទូរស័ព្ទជូនលោក ដើម្បីងាយស្រួលបន្តទាក់ទងសួរ សុខទុក្ខនៅពេលដែលពួកគេ ទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីត ។
លោកបានរំលឹកថា៖  កាលពីឆ្នាំ២០១៥ កន្លងទៅ បងប្អូនសាសនិកឥស្លាមចំនួន ១២០០នាក់ ដែលបានចុះឈ្មោះសុំទិដ្ឋាការ ទៅធ្វើពិធីបុណ្យហាជ្ជ តែដោយមានការកំណត់ចំនួនពីរដ្ឋាភិបាល អារ៉ាប៊ីសាអូឌីត ធ្វើអោយអ្នកដែលទទួលបានទិដ្ឋាការតែ ៦៨០នាក់ប៉ុណ្ណោះក្នុងនោះមាន៤០ ជាក្រុមហាជ្ជីផ្លូវការ ដែលឧបត្ថម្ភដោយ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត  ។

សូមជំរាបផងដែរថា ការទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជ គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម។ ជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទី ប្រមាណ ៤លាននាក់ បានអញ្ជើញទៅប្រារព្ធបុណ្យនេះ នៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត។ នៅឆ្នាំនេះ ពិធីបុណ្យអាចនឹងត្រូវ ចាប់ផ្តើមពីថ្ងៃទី១១ ខែកញ្ញា ហើយបន្តរយៈពេលប្រមាណ មួយសប្តាហ៍។ សម្រាប់អ្នក ដែលគ្មានលទ្ធភាព ការទៅធ្វើបុណ្យនេះ មិនជាប់ជាកាតព្វកិច្ចសម្រាប់ពួកគេទេ  ៕  សំរិត

 

sou samrith (6) sou samrith (5) sou samrith (4) sou samrith (3) sou samrith (2) sou samrith (1)


ចែករំលែក៖