ខេត្តបន្ទាយមានជ័យ៖ ១ថ្ងៃយ៉ាងហោចណាស់មានមនុស្សចំនួន៤នាក់ បានស្លាប់ និង៣នាក់ទៀត ទទួលរងបួសធ្ងន់ ស្រាល ក្នុង ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍៣ករណី ផ្សេងគ្នា ក្នុងខេត្តបន្ទាយមានជ័យ ក្នុងថ្ងៃតែមួយ ដោយករណីទី១ បើករថយន្តធ្លាក់ទឹក លង់ស្លាប់៣នាក់ នៅក្រុងសិរីសោភ័ណ ករណីទី២ ជិះម៉ូតូធ្លាក់ចូលប្រឡាយ បាក់កស្លាប់ម្នាក់ និងរងបួសធ្ងន់ម្នាក់ នៅស្រុកមង្គលបុរី និងករណី ទី៣រថយន្តធុនធំបុកអ្នកជិះម៉ូតូរបួសធ្ងន់ម្នាក់ និងរងរបួសស្រាលម្នាក់នៅស្រុកម៉ាឡៃ ។
ករណីទី១ សេចក្តីរាយការណ៍ឱ្យដឹងថា កាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ រថយន្តកាមរីឆ្លាម១គ្រឿងពណ៌ទឹកមាស ពាក់ស្លាកលេខ បន្ទាយមានជ័យ ២ A ៤៨០៥ ដែលមានអ្នកជិះក្នុងរថយន្ត៣នាក់ បើកបរគេសង្ស័យក្នុងស្ថានភាពស្រវឹង បានបើកប្រជែងរថយន្ត២ទៅ៣គ្រឿង ក្នុងទិសដៅពីជើងទៅត្បូង ចេញពីក្រុងសិរីសោភ័ណ ទៅស្រុកមង្គលបុរី ខណៈនោះ ស្រាប់តែមានរថយន្តធុនធំមួយគ្រឿងបើកច្រាស ទិសគ្នាបានមកដល់ រថយន្តកាមរីឆ្លាម ក៏បើកគេចរថយន្តធុនធំ វេចង្កូត ទៅខាងស្តាំដៃជ្រុលធ្លាក់ក្នុងប្រឡាយទឹកបណ្តាលឱ្យរថយន្តក្រឡាប់ផ្ញាជើងលិចក្នុងទឹក ជាប់អ្នកជិះក្នុងរថយន្ត៣នាក់ មិនអាចចេញមករួច ប្រជាពលរដ្ឋនាំគ្នាចូលជួយអន្តរាគមន៍ចំណាយពេលប្រហែល១០នាទីទៅវាយកញ្ចក់រថយន្តទាញជនរងគ្រោះចេញក្រៅ ប៉ុន្តែហាក់បីយឺតពេលទៅហើយ ជនរងគ្រោះទាំង៣នាក់ត្រូវបានដឹកដល់មន្ទីរពេទ្យតាមរថយន្តសង្រ្គោះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យគ្រូពេទ្យប្រាប់ថាពួកគេ ដាច់ខ្យលស្លាប់បាត់ទៅហើយ ។
ជនរងគ្រោះមានឈ្មោះ ១,ហ៊ុយ ឡាសាំង ភេទ ប្រុស អាយុ៣២ឆ្នាំជាអ្នកបើករថយន្ត ប្រកបមុខរបរ បុគ្គលិករបស់ក្រុមហ៊ុនកូកាកូឡា រស់នៅភូមិសាលាដែង ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ២,សេន តុលា ភេទប្រុសអាយុ ៣២ឆ្នាំ រស់នៅភូមិព្រែកជីក ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ៣, ជុ ជាតិ ភេទប្រុស អាយុ៣២ឆ្នាំ ប្រកបមុខរបរគ្រូបង្រៀន រស់នៅភូមិបត់ត្រង់ ឃុំបត់ត្រង់ស្រុកមង្គលបុរី ។ ករណីនេះសមត្ថកិច្ចប្រាប់ឱ្យដឹងថា មូលហេតុជនរងគ្រោះបើកប្រជែងខ្វះ ការប្រុងប្រយ័ត្នមិនឃើញឧបសគ្គនៅខាងមុខ ។
ករីណទី២ សេចក្តីរាយការណ៍ឱ្យដឹងទៀតថា យុវជន២នាក់បានបើក ម៉ូតូធ្លាក់ប្រឡាយគ្មានទឹកបាក់កស្លាប់ម្នាក់ ទទួលរងបួសធ្ងន់ម្នាក់ គេសង្ស័យថា ជនរងគ្រោះបើក គេចពីការតាម កាប់របស់ក្រុមយុវជន១ក្រុមទៀតដើរ លេងនៅពេលយប់ដែលមានជម្លោះនិងគ្នានោះ ។ ហេតុការណ៍ កើតឡើងនៅរំលងអធ្រាត្រ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិ លេខ៥ ស្ថិតនៅចំណុចខាងមុខខ្លោងទ្វារវត្តបឹងត្រាវ ក្នុងភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបុរី។ជនរងគ្រោះទាំង២នាក់ត្រូវបានគេស្គាល់ឈ្មោះ ១,យឿន លីហយ ភេទប្រុសអាយុ ១៨ឆ្នាំ ជាអ្នកបើកម៉ូតូម៉ាកហុងដា ឌ្រីមពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខបន្ទាយមានជ័យ១J៤៣៦២ ស្លាប់ រស់នៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ២,បូ រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក រងរបួសធ្ងន់ ។
ករណីទី៣ សេចក្តីរាយការណ៍ឱ្យដឹងទៀតថា កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ មានរថយន្តធុនធំ ប៉ះជាមួយអ្នកជិះម៉ូតូឌុបគ្នា២នាក់ធ្វើដំណើរក្នុងទិសដៅស្របទិសគ្នា បណ្តាលឱ្យអ្នកជិះម៉ូតូទទួលរងរបួសធ្ងន់ម្នាក់ចំណែក ម្នាក់ទៀតទទួលរងរបួសស្រាល ខណៈដែលរថយន្តធុនធំ បើបត់ឆ្វេងផ្លាសប្តូរគន្លងផ្លូវមិនប្រុងប្រយ័ត្នត្រូវបានម៉ូតូបើកល្បឿនលឿនមកពីខាងក្រោយបុកពេញទំហឹង តែម្តង ។ ជនរងគ្រោះមានឈ្មោះ ១,វេត វ៉ាត ភេទប្រុស អាយុ១៨ឆ្នាំ រងរបួសស្រាល រស់នៅភូមិចំបក់មាស ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ២,អៀម ប្រឡាយ ភេទប្រុសអាយុ២៩ឆ្នាំ រស់នៅភូមិដំបូកខ្ពស់ ឃុំអូរដំបង ២ ស្រុកសង្កែ ខេត្តបាត់ដំបង ៕ សំ វិច្ឆិកា