ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាររសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថា ចំពោះករណី ជនជាតិចិន៣នាក់ ដែលម្នាក់ជាមេខ្លោង ក្រុមឧក្រិដ្ឋជន និង ជាមេខ្លោងឃាតក ក្នុងការសម្លាប់នារីខ្មែរយកសពទៅកប់ ដោយសារនារីរងគ្រោះដឹងរឿងសម្ងាត់របស់ពួកគេ ពេលនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនត្រូវចោទទាំង៣នាក់ខាងលើ ពីបទ ឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយសមត្ថកិច្ចវៀតណាម បានចាប់ខ្លួនមេខ្លោងឃាតកដែលជាអ្នករៀបចំគំរោងសម្លាប់នារីខ្មែរសង្សារចិន យកសាកសពទៅកប់ក្នុងដីខ្សាច់ក្បែរផ្សារទំនើបអ៊ីអន៣ គឺចាប់បាន និងនាំមកដល់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅពាក់ កណ្តាលយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នេះ។ ខណៈបក្ខពួក២ នាក់ត្រូវបញ្ជូនទៅតុលាការ កំពុងបើកដំណើរការស៊ើបសួរ ហើយក៏មានការបែកធ្លាយព័ត៌មានថា ពួកគេជាសមាសភាពក្រុមឧក្រិដ្ឋជនចាប់ជម្រិតទារប្រាក់។
សូមរំលឹកថា កាលពី ថ្ងៃទី០១ខែមីនាឆ្នាំ២០២៥ ស្ថិតនៅចំណុចដីឡូត៍មួយកន្លែង ផ្លូវ៦០ម៉ែត្រ ភូមិស្រុកចេក. សង្កាត់ជើងឯក. ខណ្ឌដង្កោ រាជធានី ភ្នំពេញ នារីម្នាក់ត្រូវបានឃាតកជាសង្សារសម្លាប់រួចយកទៅកប់ចោលទាំងអាក្រាតកាយក្នុងដីឡូត៍ ដោយសារនារីរងគ្រោះដឹងរឿង សម្ងាត់របស់ពួកគេ ពាក់ព័ន្ធការចាប់ជម្រិតទារប្រាក់ ដែលសពនារីរងគ្រោះខាងលើមានឈ្មោះ ហេង សៀវលី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកអនឡាញ ។
បច្ចុប្បន្ន ជនត្រូវចោទទាំង៣នាក់ ចៅក្រមស៊ើបសួរកំពុងស៊ើបសួរបន្ត អាចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ជាបណ្តោះអាសន្ន នាល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ ៕

ដោយ៖រ៉ារ៉ា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច