សភាកូរ៉េខាងជើងបានសម្រេចកែប្រែ រដ្ឋធម្មនុញ្ញស្តីពីការហៅអតីតមេដឹកនាំកូរ៉េខាងជើងលោក គីម អុីលស៊ុង និងលោក គីម ជុងអុីល ថា ជាមេដឹកនាំជាន់ខ្ពស់។
សារព័ត៌មានយុនហាប់ញូវបានផ្សាយ ថា គណៈកម្មាធិការជាន់ខ្ពស់កូរ៉េខាងជើងបានធ្វើការកែប្រែរដ្ឋធម្មនុញ្ញដោយក្នុងនោះ មានបញ្ចប់ការហៅអតីតមេដឹកនាំទាំងពីរ រូបដែលជាជីតានិងឪពុកលោក គីម ជុង អ៊ុន ថាជាមេដឹកនាំជាន់ខ្ពស់។
ចំណែកគេហទំព័ររបស់កូរ៉េខាងជើង Naenara ក៏បានផ្សព្វផ្សាយពីរដ្ឋធម្មនុញ្ញ ដែលបានកែប្រែរួចនោះបានបញ្ជាក់ពីការហៅអតីតមេដឹកនាំខុសប្លែកពីមុន។ នៅក្នុង រដ្ឋធម្មនុញ្ញបានបញ្ជាក់ថា ប្រធានគណៈ កម្មាធិការជាតិដែលទើបតែបានបង្កើតត្រូវបានចាត់ទុកថា ជាមេដឹកនាំជាន់ខ្ពស់បំផុតរបស់ប្រទេសជាតិហើយពេលនេះលោក គីម ជុងអ៊ុន គឺជាប្រធានគណៈកម្មាធិការ ខាងលើ។ ដូច្នេះមានតែលោក គីម ជុងអ៊ុន ប៉ុណ្ណោះទើបមេដឹកនាំជាន់ខ្ពស់ពិតប្រាកដ។
សាស្ត្រាចារ្យ Kim Yong Hyun មកពី មហាវិទ្យាល័យ Dongguk របស់កូរ៉េខាង ត្បូងបានឲ្យដឹងថា «ការកែប្រែនោះគឺជា ជំហានពង្រឹងអំណាចរបស់ខ្លួនដោយមានតែរូបលោក គីម ជុងអ៊ុន ប៉ុណ្ណោះទើបសម ហៅថា ជាមេដឹកនាំជាន់ខ្ពស់បំផុតរបស់ ប្រទេសជាតិ។ ដូច្នេះពលរដ្ឋកូរ៉េខាងជើងមានតែចងចាំថា មេដឹកនាំជាន់ខ្ពស់បំផុត របស់ខ្លួនគឺមានតែគីមជុងអ៊ុនតែប៉ុណ្ណោះ។
សកម្មភាពខាងលើរបស់មេដឹកនាំកូរ៉េខាងជើងគឺដើម្បីពង្រឹងអំណាចរបស់ខ្លួន។ នៅពេលនេះគេអាចនិយាយបានថា លោក គីម ជុងអ៊ុន មានអំណាចជាងជីតានឹងឪពុក របស់ខ្លួនទៅទៀត។ ដោយលោក គីម ជុង អ៊ុន ហ៊ានកម្ចាត់ទាំងមនុស្សពីជំនាន់របស់ឪពុក ដូចជាឪពុកមា ចាងស៊ុងតិចជាដើម។ កន្លងមកថ្មីៗលោកក៏បានប្រហារជីវិតឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកអប់រំផងដែរ ដោយសារតែមានសកម្មភាពមិនគោរព អស់ពីចិត្តដល់ថ្នាក់លើរបស់ខ្លួន៕ម៉ែវ សាធី