ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តងោកមួយភាំងធ្វើឱ្យរេចង្កូតឡើងសួនច្បាររង្វង់មូលអប្សរា បុកខឿនថ្ម និងបង្គោលសូឡាបំភ្លឺផ្លូវ០១ដើម រួមទាំងដើមផ្កា បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ នឹង ២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២៥ នៅត្រង់ចំណុចរង្វង់មូលអប្សរា តាមបណ្តោយផ្លូវអូសុីអាយសុី ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុបុរសជាអ្នកបើករថយន្ត កាមរី ហាយប្រ៊ីដ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BN-9718 បានបើកបរមកពីកំពង់ចាមក្នុងគោលដៅចូលភ្នំពេញវិញ ដើម្បីត្រឡប់ទៅផ្ទះ ខណៈបើកបរតាមបណ្ដោយផ្លូវអូសុីអាយសុី មកដល់ចំណុចកើតហេតុរង្វង់មូលអប្សរា បើកក្នុងទិសដៅពីជើងទៅត្បូង បានងោកមួយភាំងក៏រេចង្កូតឡើងខឿនសួនច្បារបុក បង្គោលសូឡាបំភ្លឺផ្លូវចំនួន០១ដើម រួមទាំងដើមផ្កាជាច្រើនដើមបណ្ដាលឱ្យរងការខូចខាត ចំណែក់រថយន្តមិនទាន់អស់ល្បឿនបានទៅបុកផ្ទប់ជាមួយបង្គោលសូឡា០១ដើមទៀតទើបទៅមុខលែងរួច។ អ្នកបើករថយន្តត្រូវបានសមត្ថកិច្ចឃាត់យកទៅសួរនាំភ្លាមៗផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ រួចធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារង់ចាំដោះស្រាយនៅពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ