ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បេីករថយន្តកៀរឡំប្រឺតាបណ្ដាលឲ្យរងការខូចខាតសម្ភារៈបន្តិចបន្តួចស្រាប់តែឈ្លោះប្រកែកគ្នាឈានដល់ប្រេីប្រាស់អំពើហិង្សាវាយគ្នាទៅវិញទៅមកបង្កឲ្យមានរបួសស្នាម។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងត្រង់ចំណុចភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេឃើញឡំប្រឺតា ពណ៌សពាក់ស្លាកភ្នំពេញ1IB-8445 បេីកមកឈប់នៅលើផ្លូវត្រង់ចំណុចកេីតហេតុ ស្រាប់តែឃើញរថយន្តម៉ាកBYD DESTROYER 05 ពណ៌ប្រផេះ ពាក់ស្លាកលេខ កម្ពុជាT.N.DF99 បេីកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចផ្លូវបំបែកជាបី បានបត់ឆ្វេងយ៉ាងលឿនជ្រុលទៅកៀរឡំប្រឺតា បណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ ចំណែករថយន្តវិញរងការខូចខាតផ្នែកកាងខាងមុខ ហើយភាគីទាំងសងខាងបានជជែកគ្នារកខុសត្រូវ ដោយម្នាក់ៗទាមទារយកតែឈ្នះមិនមានការដោះស្រាយគ្នាឡើយ ទេីបបង្កជាជម្លោះដោយប្រើប្រាស់ហិង្សាវាយគ្នាទៅវិញទៅមក ដោយខាងជនជាតិចិនមានគ្នាតែពីរនាក់ប្ដីប្រពន្ធ ចំណែកខាងភាគីខ្មែរវិញមានគ្នាប្រាំនាក់ស្រីពីរនាក់ប្រុសបីនាក់ព្រួតគ្នាវាយបណ្ដាលឲ្យបុរសជនជាតិចិននិងប្រពន្ធរងរបួសបែកមុខមាត់ទាំងពីរនាក់ ចំណែកខាងខ្មែរមិនមានអ្នករងរបួសនោះទេ ទេីបផ្អើលដល់ពលរដ្ឋរស់នៅទីតាំងខាងលើរាយការណ៍ប្ដឹងទៅសមត្ថកិច្ចប៉ុស្តិ៍មូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗដោយឃាត់ខ្លួនភាគីទាំងសងខាងនាំយកទៅសាកសួរនៅប៉ុស្តិ៍។ នៅក្នុងហេតុការណ៍នោះដែររថយន្តជនជាតិចិនបានបែកកញ្ចក់មួយផ្ទាំងផ្នែកខាងក្រោយដោយរកមុខអ្នកលួចវាយបំបែកមិនឃើញឡើយ ។
បន្ទាប់ពីកេីតហេតុគ្រោះថ្នាក់ចរាចរណ៍បង្កជាហិង្សាខាងលើរវាងជនជាតិចិននឹងអ្នកបកឡំប្រឺតារហូតវាយគ្នាត្រូវបានសម្របសម្រួលគ្នាបញ្ចប់រឿងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅ៣៕

ដោយ៖ ជ្រោយពេជ្រ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច