ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា-ថៃ​ ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងការដោះដូរពាណិជ្ជកម្មរវាងខេត្តជាប់ព្រំដែនសំដៅជំរុញប្រែក្លាយតំបន់ព្រំដែនទៅជាព្រំដែនសន្តិភាពធ្វើឱ្យជីវភាពប្រជាពលរដ្ឋនៃប្រទេសទាំងពីរ

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក ណារុត សូន្ថរោត្តម(Narut Soontarodom) អគ្គកុងស៊ុលនៃព្រះរាជាណាចក្រថៃប្រចាំខេត្តសៀមរាប​ កាលពីថ្ងៃទី​១១​ ខែមីនា​ ឆ្នាំ​២០២៥ម្សិលមិញនេះ​ ដើម្បីរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ ដែលជំនួបនេះធ្វើឡើងនៅសាលាខេត្តបាត់ដំបង។

លោក សុខ លូ ថ្លែងឱ្យដឹងថា ខេត្តបាត់ដំបងមានច្រកព្រំដែនអន្តរជាតិចំនួន២ និងច្រកតំបន់ចំនួន៣ដោយមានព្រំប្រទល់ជាប់ប្រទេសថៃប្រវែងជាង១៤០គីឡូម៉ែត្រជាប់ទៅនឹងខេត្តចំនួន៣របស់ប្រទេសថៃរួមមាន៖ខេត្តត្រាត ខេត្តច័ន្ទបុរី និងខេត្តស្រះកែវ។

លោក សុខ លូ ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃដែលបានបង្កលក្ខណៈងាយស្រួលដល់បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាលពីឆ្នាំមុន។ 

តាមរយៈអគ្គកុងស៊ុលថៃប្រចាំខេត្តសៀមរាប លោក សុខ លូ ស្នើភាគីថៃបន្តជួយបង្កលក្ខណៈងាយស្រួលដល់បងប្អូនពលករខ្មែរក្នុងការវិលត្រឡប់មកលេងស្រុកកំណើតនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ។

លោក ណារុត សូន្ថរោត្តម ក៏បានស្នើដល់ លោក សុខ លូ និងអ្នកពាក់ព័ន្ធផ្សេងទៀត ជួយរក្សាសន្តិសុខ និងបង្កលក្ខណៈងាយស្រួលដល់ជនជាតិថៃដែលធ្វើដំណើរមកលេងកម្សាន្ត និងបំពេញការងារនៅក្នុងទឹកដីខេត្តបាត់ដំបង។

លោក ណារុត សូន្ថរោត្តម មើលឃើញថា ខេត្តបាត់ដំបងនាពេលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍន៍រីកច្រើនឡើងជាលំដាប់។

ក្នុងជំនួបប្រកបដោយភាពស្និទស្នាលនេះ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងការដោះដូរពាណិជ្ជកម្មរវាងខេត្តជាប់ព្រំដែនសំដៅជំរុញប្រែក្លាយតំបន់ព្រំដែនទៅជាព្រំដែនសន្តិភាពធ្វើឱ្យជីវភាពប្រជាពលរដ្ឋនៃប្រទេសទាំងពីរកាន់តែល្អប្រសើរឡើង។

ភាគីទាំងពីរ ក៏បានពិភាក្សាផងដែរអំពីការបន្តកិច្ចសហការរួមគ្នាក្នុងការបង្រ្កាបគ្រឿងញៀន និងបទល្មើសឆ្លងដែនជាពិសេសល្បែងអនឡាញខុសច្បាប់ និងការឆបោកតាមអនឡាញ៕

ដោយ​៖ តារា​


ចែករំលែក៖