ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើការបណ្តុះស្មារតីខិតខំរៀនសូត្រមានអ្វីខ្លះ?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ជាការពិតណាស់ ការខិតខំកសាងសមត្ថភាព ការកសាងជីវភាព និងកសាងសេដ្ឋកិច្ចផ្ទាល់របស់ពលរដ្ឋម្នាក់ៗ គឺជាការចូលរួមចំណែកដ៏សំខាន់សម្រាប់ការអភិវឌ្ឍជាតិ និងការពារជាតិ។ 

សម្តេចធិបតី បានថ្លែងបន្តថា រាជរដ្ឋាភិបាល មានកាតព្វកិច្ចបង្កើតឱកាសទីផ្សារ បង្កើតឱកាសការងារ ជម្រុញកំណើនសេដ្ឋកិច្ច ហើយរាជរដ្ឋាភិបាល មិនអាចទៅរៀនជំនូស ឬធ្វើការជំនួសយុវជននោះឡើយ។ ពីព្រោះយុវជនមានកាតព្វកិច្ចទៅពង្រឹងសមត្ថភាពផ្ទាល់ខ្លួន និងខិតខំចាប់យកឱកាស ដែលរាជរដ្ឋាភិបាល ខិតខំបង្កើតជូនដល់យុវជន។

ទន្ទឹមនោះផងដែរ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា ខ្ញុំនៅតែលើកជានិច្ចនូវគំនិតដ៏ត្រឹមត្រូវថា ប្រទេសរបស់អ្នកបានផ្តល់អ្វីខ្លះ ដល់អ្នក? តែត្រូវសួរវិញថា តើអ្នកបានធ្វើអ្វីខ្លះ ដល់ប្រទេសរបស់អ្នក? នេះគឺជាការបណ្តុះស្មារតីស្នេហាជាតិ តាមរយះការចូលរួមដោយលក្ខណះស្ថាបនា និងមានការទទួលខុសត្រូវរៀងៗខ្លួន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា ក្នុងរាជធានីភ្នំពេញ ម្សិលមុិញ ។ 

សម្ដេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ «ត្រូវរៀនដោយខ្លួនឯង រៀនស្វ័យសិក្សាខ្លួនឯង ត្រូវរៀនគ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់មធ្យោបាយទាំងអស់ រួមទាំងស្វ័យសិក្សា ដកពិសោធន៍ខ្លួនឯងរួមទាំងការស្រាវជ្រាវនេះ។ សៀវភៅជួយយើងច្រើន យើងរៀននៅសាលាជាចំណេះរឹង តែចំណេះទន់យើងអានរៀនដោយខ្លួនឯង តាមរយៈសៀវភៅ។ ខ្ញុំបានរៀនខ្លួនឯងច្រើន ខ្ញុំអានសៀវភៅប្រវត្តិសាស្រ្ត សៀវភៅទស្សនវិទ្យាច្រើន នៅពេលខ្ញុំចាប់ផ្ដើមដឹកនាំពីអង្គភាពប្រឆាំងភេរវកម្ម រហូតដល់ជើងគោក ខ្ញុំអានសៀវភៅច្រើនទាក់ទងការអភិវឌ្ឍខ្លួនឯង។ ព្រោះពេលហ្នឹងយើងត្រូវយល់អំពីចក្ខុវិស័យ និងរបៀបដឹកនាំមួយចំនួនដែលយើងត្រូវការបទពិសោធន៍ពីគេមកដឹកនាំ ព្រោះលំបាកបំផុតគឺការធ្វើការជាមួយមនុស្ស និងដឹកនាំមនុស្ស។ ដឹកនាំមនុស្សមានអារម្មណ៍ ថ្ងៃនេះល្អ ថ្ងៃស្អែកអាចមិនល្អ អញ្ចឹងដើម្បីធានាប្រសិទ្ធភាពការងារត្រូវយល់ ហើយជាពិសេសការងារដែលយើងមានមនុស្សជាច្រើននៅពីក្រោម»៕

ដោយ ៖ សិលា


ចែករំលែក៖