ព័ត៌មានទាន់ហេតុការណ៍៖

Mayweather ចាយលុយជាង ៤០០ លានដុល្លារទិញអចលនទ្រព្យ ចំនួន ៦២ អគារ នៅកណ្តាលទីក្រុងញូវយ៉ក

ចែករំលែក៖

  កីឡាករប្រដាល់មិនដែលស្គាល់ចាញ់ និងរកចំណូលបានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ Floyd Mayweather បានបង្ហាញអគារចំនួន 62 របស់គាត់នៅតំបន់ Manhattanកណ្តាលទីក្រុងញូវយ៉ក ដែលគាត់បានទិញក្នុងតម្លៃ $402 លានដុល្លារ ក្នុងនោះក៏មានអាផាតមិនមួយមាន1,000 យូនីតផងដែរ។ 

  នៅក្នុងវីដេអូដែលបានបង្ហោះចូលទៅក្នុងគណនី Instagram របស់គាត់ដែលមានអ្នកតាមដានជិត 30 លាននាក់ Mayweather បាននិយាយថាគាត់បានទិញអចលនទ្រព្យនេះទាំងស្រុងដោយខ្លួនឯងដោយគ្មានដៃគូអាជីវកម្មណាមួយចូលហ៊ុនឡើយ។ អាផាតមិនដែលមានទីតាំងនៅ Morningside Heights, Upper Manhattan និង Harlem នឹងត្រូវជួលចេញ ដែលអាចរកចំណូលឱ្យគាត់រាប់លានដុល្លារក្នុងមួយខែ។

  Mayweather បានថ្លែងថា “នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។” ក្នុងវីដេអូ នោះ អ្នកប្រដាល់វ័យ៤៨ឆ្នាំ Mayweather បានដើរកាត់អគារហើយចង្អុលទៅអគារនិមួយៗដោយបានប្រាប់អ្នកទស្សនាថា “នេះគឺជារបស់ខ្ញុំ។ ហាងលក់រាយទាំងអស់នៅខាងក្រោមអគារទាំងនេះក៏ជារបស់ខ្ញុំផងដែរ។ អ្នកក៏អាចសម្រេចបានដែរ ប៉ុន្តែអ្នកត្រូវតែធ្វើវាដោយភាពក្លាហាន។”

  កើតនៅឆ្នាំ 1977 នៅទីក្រុង Grand Rapids រដ្ឋ Michigan កីឡាករ Mayweather បានចាប់ផ្តើមអាជីពប្រដាល់អាជីពរបស់គាត់នៅឆ្នាំ 1996 ។ Mayweather បានប្រយុទ្ធចំនួន 50 ប្រកួតដោយមិនចាញ់មួយដងក្នុងអាជីពរបស់គាត់ ដោយធ្វើឱ្យគាត់ទទួលបានរហស្សនាមថា “The Undefeated” ។ គាត់បានឈ្នះជើងឯកពិភពលោកចំនួន 15 លើប្រភេទទម្ងន់ចំនួន 5 ហើយត្រូវបានគេចាត់ទុកថាជាអ្នកប្រដាល់ដ៏អស្ចារ្យបំផុត ។

  Mayweather រកបាន 1.48 ពាន់លានដុល្លារពីការប្រដាល់ និងការឧបត្ថម្ភ ដែលធ្វើអោយគាត់ក្លាយជាអ្នកប្រដាល់ដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាម Sportico ។ គាត់ជាប់ចំណាត់ថ្នាក់ក្នុងចំណោមអត្តពលិកកំពូលទាំង 10 ដែលរកចំណូលបានខ្ពស់បំផុតលើលោក ដោយមានកីឡាករបាល់បោះ Michael Jordan នាំមុខគេដែលអាចរកចំណូលបានចំនួន $3.75 ពាន់លានដុល្លារ ៕

ដោយ៖ ភារៈ


ចែករំលែក៖