ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះកង់ដឹកស្វាយយកទៅលក់ត្រូវរថយន្ដ ALPHARD ស៊េរីឆ្នាំ២០១៦បុកស្លាប់មួយរំពេច

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ជិះកង់ចេញពីផ្ទះដឹកស្វាយយកទៅលក់ត្រូវរថយន្ដALPHARDស៊េរីឆ្នាំ២០១៦បើកបុកពេញមួយទំហឹង បណ្ដាលឲ្យប៉ើងផ្ទុបទៅនិងកញ្ចក់រថយន្ដស្លាប់ភ្លាមៗមួយរំពេច ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៥និង១៧នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ៥៥-៥៦ ស្ថិតក្នុងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ។

សាក្សីនិយាយថា នៅមុនពេលកើតហេតុគេឃើញរថយន្ដម៉ាកTOYOTA ALPHARD បើកបោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវជាតិលេខ១ក្នុងទិសដៅពីភ្នំពេញឆ្ពោះទៅអ្នកលឿង លុះបើកដល់ចំណុចកើតហេតុបានជ្រុលទៅបុកគូថរថយន្ដសាំងយ៉ុងនិងបន្ដទៅបុកកង់មួយគ្រឿងទៀតដែលជិះស្របទិសគ្នា បណ្ដាលឲ្យបុរសជាអ្នកជិះកង់ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ។ ដោយឡែករថយន្ដសាំងយ៉ុងរងការខូចខាតផ្នែកខាងក្រោយចំហៀងខាងស្ដាំបន្ដិចបន្ទួច រីឯរថយន្ដ TOYOTA ALPHARD រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយពីមានហេតុការណ៍កើតឡើង អ្នកបើកបររថយន្ដALPHARD ត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកលើកដែកបានឲ្យដឹងថា អ្នកបើកបររថយន្ដដែលត្រូវបានឃាត់ខ្លួនឈ្មោះ តាំង ហេងសេង ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅក្នុងសង្កាត់អូឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ បើករថយន្ដម៉ាកTOYOTA ALPHARD ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 2AI-6925 ។ ចំណែកឯរថយន្ដមួយគ្រឿងទៀតម៉ាកសាំងយ៉ុង ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ 2A-6148 បើកបរដោយឈ្មោះ ជា វ៉ង់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាពូង ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្ដព្រៃវែង ។ ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ក្រូច កោប ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកលើកដែកសន្និដ្ឋានជំហ៊ានដំបូងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កដោយរថយន្ដម៉ាក TOYOTA ALPHARD ដែលបើបករក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ដជ្រុលទៅបុករថយន្ដ និងកង់កំពុងជិះចេញពីផ្ទះបានប្រមាណ១០ម៉ែត្រ បណ្ដាលឲ្យមានមនុស្សស្លាប់ ។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ

 

aes (5) aes (4) aes (3) aes (2) aes (1) aes 3

 


ចែករំលែក៖