ខេត្តបាត់ដំបង ៖ បុរសម្នាក់ឆក់ចរន្តភ្លើងស្លាប់ត្រូវគេប្រទះឃើញនៅក្នុងទឹកកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០១៦ មានស្ពាយឧបករណ៍ឆក់ត្រីជាប់ ខ្លួនផង ស្ថិតនៅចំណុចជីរក់ អាងកំពីងពួយ ក្នុងភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ ។
ប្រភពនៅកន្លែងប្រទះឃើញសពឱ្យ ដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ហាក់ ហ៊ាង ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុហើយនៅលើខ្លួនជនរងគ្រោះ មានឧបករណ៍សម្រាប់ឆក់ត្រីស្ពាយជាប់ ខ្លួនដោយគេសង្ស័យថា ជនរងគ្រោះបាន ទៅលួចឆក់ត្រីនៅតំបន់អាងកំពីងពួយ។
ប្រភពបន្តថា នៅចំណុចកើតហេតុគឺ ស្ថិតនៅចុងខាងលិចឈៀងខាងត្បូងនៃ តំបន់ទេសចរណ៍ “អាងកំពីងពួយ” ដែល ក្នុងមួយថ្ងៃៗមានមនុស្សជាច្រើននាំគ្នា ទៅលួចឆក់ត្រីនៅតំបន់នោះហើយជនរងគ្រោះអាចស្លាប់ដោយសារទៅឆក់ត្រីនៅ ទីនោះភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់តែម្តង។
ប្រភពដដែលបន្តថា កន្លងទៅមាន សមត្ថកិច្ចខិលខូចមួយចំនួនចុះទៅយក លុយពីអ្នកឆក់ត្រីជាថ្នូរនឹងការបើកដៃឱ្យប្រព្រឹត្តបទល្មើស “ឆក់ត្រី” នៅចំណុច ក្នុងអាងកំពីងពួយ ទើបបង្កឲ្យមានមនុស្សស្លាប់ជាបន្តបន្ទាប់ហើយត្រីក៏ហិនហោច។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះបាន ស្លាប់ដោយមានស្ពាយអាគុយនៅជាប់ខ្នង រីឯដៃកាន់ឧបករណ៍ឆក់ត្រីដូច្នេះជនរងគ្រោះអាចស្លាប់ដោយសារឆក់ត្រីខុសបច្ចេកទេស ៕ សំ វិចិ្ឆកា