ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ចាត់ទុកបុត្រាបុត្រី ជាពេជ្រកំពុងឆ្នៃនិងពេជ្រកែឆ្នៃរួចនិងកំពុងរក្សាទុកឬនិយាយមួយបែបគឺ ដាវកំពុងផលិត ដាវកំពុងប្រើនិងកំពុងសំលៀងបន្ត

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការថា ៖ ពេជ្រកំពុងឆ្នៃនិងពេជ្រកែឆ្នៃរួចនិងកំពុងរក្សាទុកឬនិយាយមួយបែបគឺដាវកំពុងផលិត ដាវកំពុងប្រើនិងកំពុងសំលៀងបន្ត។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា  បានបញ្ជាក់ថា ៖ រូបថតប៉ុន្មានសន្លឹកនេះបង្ហាញពីជោគជ័យនៃការអប់រំបណ្តុះបណ្តាលកូនៗដែលពុកម៉ែប្រើពេលជាង៤០ឆ្នាំទើបទទួលផលដូចថ្ងៃនេះ។

សម្តេចតេជោ លើកឡើងថា ៖ ទោះពួកកូនជាកូននាយករដ្ឋមន្ត្រីតែពួកកូនមិនមានម៉ូតូឬឡានជិះទេពួកកូនត្រូវដើរទៅរៀនព្រោះសាលាមិនឆ្ងាយពីផ្ទះទេ(សាលាចតុមុខ)សំណាងជាង គេម៉ាណែតបានកង់ជិះព្រោះត្រូវរៀននៅវិទ្យាល័យព្រះសុីសុវត្តិដែលឆ្ងាយជាងគេបន្តិច។ពុកមានលទ្ធភាពគ្រប់គ្រាន់ទិញឡានឬម៉ូតូឲ្យកូនជិះតែពុកចង់ឲ្យពួកកូនស្គាល់នូវជីវភាពប្រជាជនធម្មតាដូចកាលពុកនៅពីក្មេង។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បន្តថា ៖ ពេលកូនណាមួយមានកំហុសពួកកូនត្រូវជាប់វិន័យទាំងអស់គ្នាដោយអង្គុយអានសៀវភៅទាំងអស់គ្នាព្រោះពុកចង់ឲ្យពួកកូនចេះជួយដាស់តឿនគ្នាសាមគ្គីគ្នាដើម្បីជៀសវាងជាប់វិន័យទាំងអស់គ្នា។

សម្តេចគូសបញ្ជាក់ថា ៖ ពេលពួកកូនចេញទៅរៀននៅក្រៅប្រទេសពុកទៅសរសេរវិន័យបិទក្នុងបន្ទប់គេង បន្ទប់ទឹកដែលពុកចាំជាងគេនៅបារាំងសម្រាប់ម៉ានិត ម៉ានី ម៉ាលី គឺ(ចេញពីផ្ទះ៥០០ម៉ែត្រត្រូវប្រាប់បងណាហ្រ្គានិងសុខហ៊ានិងចាយលុយលើស100Franceត្រូវសុំការអនុញ្ញាតពីសុខហ៊ា)។

ពេលពួកកូនចេញទៅរៀនជុំគ្នានៅអាមេរិកដែលមានម៉ាណា ម៉ានិត ម៉ានី ម៉ាលី លើកលែងតែម៉ាណែតពុកសរសេរវិន័យ(ដើរឃ្លាតពីផ្ទះ៥០០ម៉ែត្រត្រូវសុំអុំ ចាយលុយលើស៥០ដុល្លារត្រូវសុំពីអុំ)ទាំងនៅបារាំងទាំងនៅអាមេរិកសុទ្ធមានការកំណត់ម៉ោងត្រូវចូលគេងនិងត្រូវបិទភ្លើង បិទម៉ាសុីនកំដៅ ម៉ាសុីនត្រជាក់ ដើម្បីសន្សំសំចៃភ្លើង។

សម្តេចថា ៖ ពុកម៉ែសូមអរគុណកូនៗដែលជាង២០ឆ្នាំមុនបាននិយាយជាមួយគ្នាដែលពុកបានលួចស្តាប់ឮម៉ានិតនិយាយថាប្រាប់ទាំងអស់គ្នាថា(ពុកម៉ែតឹងតែងចំពោះពួកយើងគឺចង់ឲ្យយើងល្អ)។

ពិតមែនតែពេលនេះពួកកូនមានប្រពន្ធមានប្តីនិងមានកូនព្រមទាំងចេញដឹកនាំប្រទេសឬចូលរួមក្នុងការងារបំរើជាតិក្នុងឋានៈខ្ពង់ខ្ពស់តែពុកនៅរង់ចាំធ្វើជា ថ្មសំលៀងសម្រាប់ពួកកូនតទៅទៀត។

ពុកម៉ែចង់ឲ្យកូនៗខិតខំបណ្តុះបណ្តាលអប់រំកូនៗដែលជាចៅរបស់ពុកម៉ែតាមរបៀបពុកម៉ែ តទៅទៀតពិសេសផ្តោតលើគុណធម៍ ចរិយាធម៍ សិលធម៍ចេះជួយអ្នកក្រីក្រ ទន់ខ្សោយ គោរពចាស់ទុំ សុភាពរាបសារ មិនឆ្មើងឆ្មៃ។ល។

ចៅរបស់ពុកម៉ែជាចៅល្អហើយតែត្រូវតែតាមតម្រង់ទិសពួកគេតទៅទៀត៕

ដោយ ៖ សិលា


ចែករំលែក៖