ភ្នំពេញ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យទី១៦ ខែមីនា ឆ្នាំ២០២៥នេះ បានថ្លែងថា៖ ក្នុងនាមប្រជាពលរដ្ឋខ្មែរ០១រូប យើងពិតជាមានការសោកស្តាយណាស់ចំពោះបុគ្គលរូបនេះ ក្នុងគណនីហ្វេសប៊ុកផេកមួយឈ្មោះ “Bun Park” ដែលបានបង្ហោះសាររៀបវាយប្រហារ មើលតែ០១ជ្រុងតូចមិនបានឆ្លុះបញ្ចាំងពីការពិត រវាងតម្លៃសន្តិភាពនិងបញ្ហាបទល្មើស។
លោកអ្នកនាំពាក្យរូបនេះ បានបន្តថា ការលើកឡើងរបស់បុគ្គលនេះគឺយើងមិនអាចទទួលយកបានឡើយ ។ ការបង្ហោះខ្លឹមសាររបៀបនេះដោយមិនយកទស្សនៈ«ចូរមើលព្រៃទាំងមូលកុំមើលដើមឈើ០១ដើម»។ ជាការពិតណាស់តម្លៃសន្តិភាព គឺបានផ្តល់ជូនមនុស្សគ្រប់ជាតិសាសន៍រស់នៅដោយសុខដុម ទទួលបានផ្លែផ្កានៃការអភិវឌ្ឍន៍ កូនចៅមានឱកាសបានចូលរៀនសូត្រគ្រប់ទីកន្លែង ហើយប្រជាជនក៍មានឱកាសប្រកបមុខរបរនិងធ្វើការងារផ្គត់ផ្គង់ចិញ្ចឹមជីវិតដោយសេរីនិងគ្រប់ទីកន្លែង លើមុខរបរនិងការងារតាមលទ្ធភាព សមត្ថភាពរបស់យើងម្នាក់ៗ លើកលែងការប្រកបមុខរបរដោយអំពើខុសច្បាប់ណាមួយនោះ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់បន្ថែមថា ជាទូទៅលើកិច្ចការងារការពារថែរក្សាសន្តិសុខ សមត្ថកិច្ចគ្រប់ជំនាញនិងគ្រប់ជាន់ថ្នាក់ តែងយកចិត្តទុកដាក់និងដាក់ចេញនូុវវិធានការបង្ការទប់ស្កាត់បង្រ្កាប និងគ្រប់គ្រងសភាពការណ៍ មានការទទួលខុសត្រូវខ្ពស់។ ដោយនៅក្នុងសង្គមមួយវាមិនល្អឥតខ្ចោះដូចអ្វីដែលយើងចង់បានគ្រប់ៗគ្នានោះទេទោះនៅប្រទេសដែលគេចាត់ទុកថាជាប្រទេសស៊ីវិល័យក៍នៅតែកើតមានបញ្ហាបាតុភាពសង្គមហើយគេនៅតែបន្តដោះស្រាយដូចនៅកម្ពុជាយើងផងដែរ ។
ដោយឡែកនៅកម្ពុជាចំពោះករណីក្មេងទំនើង ករណីចោរកម្មនេះ បើកើតមាន សមត្ថកិច្ចតែងតែបានបង្រ្កាបជាលទ្ធផលបន្តបន្ទាប់ ហើយបង្រ្កាបបានច្រើនករណីទៀតផង ពោលគឺក្នុង០១ឆ្នាំៗបទល្មើសព្រហ្មទណ្ឌត្រូវបានបង្រ្កាបមានប្រសិទ្ធភាព ប៉ុន្តែនៅមានបទល្មើសតិចតួចដែលនៅសេសសល់សមត្ថកិច្ចបង្រ្កាបមិនទាន់បាន ហើយសមត្ថកិច្ចនៅតែបន្តស្រាវជ្រាវបង្រ្កាបដោយមិនទុកចោលបទល្មើសណាមួយនោះទេ។ចំពោះក្មេងទំនើងនិងអំពើចោរកម្ម បើយើងពិនិត្យមើលនៅតាមបណ្តាប្រទេសនៅលើពិភពលោកទោះប្រទេសមហាអំណាចខ្លះក៍នៅមិនទាន់ទប់ស្កាត់និងបង្រ្កាបក្មេងទំនើងនិងអំពើចោរកម្ម មានប្រសិទ្ធភាពគ្រប់ជ្រោយនៅឡើយផងដែរ។
ជាមួយគ្នានេះ លោកអ្នកនាំពាក្យ ក៏បានគូសបញ្ជាក់ថា ជាងនេះបញ្ហាក្មេងទំនើងនៅបណ្តាប្រទេសដែលគេចាត់ទុករីកចម្រើនលូតលាស់ផ្នែកសេដ្ឋកិច្ច មួយចំនួនក៍កើតមានលក្ខណៈធ្ងន់ធ្ងរផងដែរដោយថែមទាំងមានប្រើប្រាស់អាវុធខុសច្បា់ បាញ់ប្រហារនៅតាមគ្រឹះស្ថានសិក្សានៅតាមទីសារធារណៈ ក៏តែងកើតមានជាបន្តបន្ទាប់រហូតបាត់បង់ជីវិតក្នុងមួយឆ្នាំៗ។ ប្រៀបធៀបនៅកម្ពុជាយើងគឺស្ថានភាពក្មេងទំនើងគឺមានការគ្រប់គ្រងច្បាស់លាស់និងទប់ស្កាត់មានប្រសិទ្ធភាព ពុំទាន់មានសភាពការណ៍កើតឡើងធ្ងន់ធ្ងរដូចបណ្តាប្រទេសមួយចំនួននៅឡើយនោះទេ ពោលគឺ កម្ពុជាយើងគ្រប់គ្រងសភាពការណ៍សន្តិសុខបានរឹងមាំ។ ដូច្នេះ សូមឲ្យបុគ្គលរូបនេះត្រូវវិនិច្ឆ័យឲ្យបានត្រឹមត្រូវមុននឹងបង្ហោះសារដែលមិនឆ្លុះបញ្ចាំងពីការពិតក្នុងនាមជាបុគ្គលនៃកោសិកាសង្គមមួយ ដែលរស់នៅក្នុងប្រទេសដែលមានសុខសន្តិភាពនោះ៕
ដោយ៖ តារា