ព័ត៌មានទាន់ហេតុការណ៍៖

នាយប៉ុស្តិ៍រដ្ឋបាលរកាកណ្តាល ខេត្តក្រចេះ បញ្ចប់ជីវិតនៅកន្លែងធ្វើការ ដោយវិបត្តិផ្លូវចិត្ត !

ចែករំលែក៖

ខេត្តក្រចេះ ៖ បើយោងតាមសេចក្តីរាយការណ៍ជាបឋមបានឲ្យដឹងថា ៖ កាលពី វេលាម៉ោងប្រមាណ៣ ទៀបភ្លឺឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ មានហេតុការណ៍ធ្វើឲ្យភ្ញាក់ផ្អើលមួយ គឺជាករណីនាយប៉ុស្តិ៍រដ្ឋបាលនគរបាលម្នាក់បានធ្វើ អត្តឃាតបញ្ចប់ជីវិតបាញ់សម្លាប់ខ្លួនដោយកាំភ្លើង អាកាស្វាយបត់ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលរកា កណ្តាល ស្ថិតនៅភូមិរកាកណ្តាល សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ។

សមត្ថកិច្ចបានបញ្ជាក់ថា ៖ ជនរងគ្រោះមានឈ្មោះ គាន ម៉ានិល ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ ជាមន្រ្តីនគរបាលជាតិ មុខងារ (នាយ ប៉ុស្តិ៍) ។

នៅវេលាទៀបភ្លឺ ថ្ងៃខែខាងលើ មន្រ្តីនគរបាលប៉ុស្តិ៍ និងប្រជាពលរដ្ឋ រស់នៅភូមិរកាកណ្តាលទី១ មានការភ្ញាក់ផ្អើលដោយឮសូរសំឡេងផ្ទុះគ្រាប់កាំភ្លើងអាកា នៅប៉ុស្តិ៍រដ្ឋបាលរកាកណ្តាល ដែលមានទីតាំងនៅខាងលិចជាប់របងមណ្ឌលសុខភាពភូមិរកាកណ្តាល សង្កាត់រកាកណ្តាល ក្រុង-ខេត្តក្រចេះ ខណៈពេលគេស្ទុះចេញទៅមើល ស្រាប់តែ ស្រឡាំង កាំងគ្រប់គ្នា ពុទ្ធោ! លោកនាយប៉ុស្តិ៍ បញ្ចប់ជីវិតដោយដេកអោបកាំភ្លើងអាកាក្នុងថ្លុកឈាម ជាការរន្ធត់ និងសោកស្តាយជាទីបំផុតចំពោះការធ្វើពលិកម្ម ដែលមិននឹកស្មានដល់បែបនេះសោះ ។

ជុំវិញបញ្ហានេះ សមត្ថកិច្ចបង្កើតគណៈកម្មការចម្រុះមួយ មានថ្នាក់ខេត្ត ស្រុក និងមូលដ្ឋាន បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យលើ សាកសព ដោយមានការបំភ្លឺពីសាក្សីដឹងឮប្រយោលមុន កើតហេតុ បានអះអាងថា លោកនាយប៉ុស្តិ៍ ដាច់ចិត្តបញ្ចប់ជីវិត ពិតជាមានវិបត្តិផ្លូវចិត្ត ប្រាកដមែន ។ ប៉ុន្តែវិបត្តិផ្លូវចិត្តរបស់លោកនាយប៉ុស្តិ៍ ដែលឈានទៅដល់កម្រិតយ៉ាងធ្ងន់ធ្ងរ ប្រើកាំភ្លើងអាកាបាញ់ប្រហារសម្លាប់ ខ្លួនឯងនោះ ពុំមានអ្នកណាម្នាក់ដឹងមូលហេតុ ច្បាស់លាស់ឡើយ ។ ប៉ុន្តែសាច់ញាតិឱ្យដឹងថា ៖ មុនការបាញ់សម្លាប់ខ្លួន នាយប៉ុស្តិ៍រដ្ឋបាលនគរបាលរូបនេះបានឆាតសំឡេងទៅកាន់បងរបស់ខ្លួនថា ៖ «បើគាត់មានបញ្ហាអី ឬមិនឃើញគាត់ ជួយមើលកូនគាត់ផង» ! ។ 

សមត្ថកិច្ចមិនទាន់បញ្ជាក់អំពី វិបត្តិបញ្ហាផ្លូវចិត្តនេះ ដោយរបៀបណាទេ ។

សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារ និងអង្គភាព ចូលរួមធ្វើបុណ្យបូជាតាមប្រពៃណី ៕

ដោយ ៖ សិលា


ចែករំលែក៖