ប្រធានាធិបតីហ្វុីលីពីនលោក Rodrigo Duterte នៅថ្ងៃទី៦ ខែសីហា បានប្រកាស ថា លោកមានអារម្មណ៍សោកស្តាយដោយជ្រុលសម្តីប្រើពាក្យអសុរោះលើប្រធានា ធិបតី អូបាម៉ា ។ អ្នកនាំពាក្យប្រធានាធិបតីហ្វុីលីពីនបានបញ្ជាក់ថា លោក Duterte សោកស្តាយដោយមិននឹកស្មានថា ការ និយាយស្តីរបស់លោកបានផ្សព្វផ្សាយ យ៉ាងឆាប់រហ័សតាមបែបវាយប្រហារទៅ លើរូបលោកសោះ។
អ្នកនាំពាក្យប្រធានាធិបតីហ្វុីលីពីន បានបញ្ជាក់ថា « ប្រធានាធិបតី Duterte ស្តាយក្រោយយ៉ាងខ្លាំងដែលខ្វះការគោរពដល់ប្រធានាធិបតី អូបាម៉ា ក៏ដូចជាទំនាក់ទំនងដៃគូជាមួយអាមេរិក។ ចេតនារបស់យើងគ្រាន់តែចង់បង្ហាញពីគោលនយោ បាយការបរទេសដោយឯករាជ្យ និងបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយបណ្តាល ប្រទេសក្នុងនោះមានអាមេរិក។ យើង សង្ឃឹមថា នឹងដោះស្រាយវិបត្តិ និងសហ ការដោយមានការទទួលខុសត្រូវ»។
ជំនួបពិភាក្សាជាមួយអាមេរិកនឹងត្រូវលើកទៅនៅពេលវេលាផ្សេងទៀត ក្រោយ ពី អូបាម៉ា ប្រកាសលុបចោលកិច្ចពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីហ្វុីលីពិន។ ប្រធានាធិបតីហ្វុីលិពីនបានហៅលោក អូបាម៉ា ថា «អាកំហូច» និងគំរាមជេរម៉្រាយ ដល់លោក អូបាម៉ា ទៀតផងប្រសិនបើ អូបាម៉ា សួរពីការបាញ់សម្លាប់នៅក្នុង សង្គ្រាមប្រឆាំងគ្រឿងញៀនមិនឆ្លងកាត់ តុលាការ។
ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានលុបចោលជំនួបពិភាក្សាជា មួយប្រធានាធិបតីហ្វុីលីពីនលោក Rodrigo Duterte នៅក្នុងប្រទេសឡាវ។ ការសម្រេច ខាងលើរបស់ប្រធានាធិបតី អូបាម៉ា ក្រោយ ពេលដែលលោក Duterte បានប្រមាន អាមេរិកថាមិនត្រូវជ្រៀតជ្រែកចូលក្នុង សង្គ្រាមប្រឆាំងការជួញដូរគ្រឿងញៀននោះឡើយ។ នៅក្នុងសង្គ្រាមប្រឆាំងគ្រឿង ញៀននោះបានសម្លាប់មនុស្សជាង២.០០០ នាក់ហើយ។
សារព័ត៌មាន Bloomberg បានដក ស្រង់សម្តីលោក Ned price អ្នកនាំពាក្យ ក្រសួងសន្តិសុខជាតិអាមេរិកបានបញ្ជាក់ថា ជំនួបទ្វេភាគីរវាងលោក អូបាម៉ា នឹង Duterte នាថ្ងៃទី៦ ខែកញ្ញា ត្រូវបានលុប ចោល។ បើទោះបីអាមេរិកមិនប្រកាសពី មូលហេតុនៃការផ្លាស់ប្តូរគម្រោងខាងលើ ប៉ុន្តែគេអាចមើលឃើញថា ដោយសារតែសម្តីព្រហើនរបស់ប្រធានាធិបតីហ្វុីលីពីន ថ្កោលទោសលោក អូបាម៉ា នេះជាហេតុ ផល។ មួយវិញទៀតប្រធានាធិបតីហ្វុីលី ពីនបានប្រមាថកាតលោក អូបាម៉ា ថា ជាកូនប្រុសរបស់ស្រីសំផឹង។
យោងតាមប្រភពព័ត៌មានពី Mirror Online ចុះផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០១៦ លោក Rodrigo Duterte បានប្រើពាក្យជេរប្រមាថបែបនេះ ចំពោះ មុខអ្នកសារព័ត៌មានមួយថ្ងៃមុនប្រជុំនៅឡាវដែលជាកិច្ចប្រជុំមួយមានការចូលរួមពីមេដឹកនាំអាស៊ីអាគ្នេយ៍ទាំងអស់់សម្រាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំ។
អ្នកនាំពាក្យសេតវិមានបានបញ្ជាក់ថា ក្រោយពីមានពាក្យជេរប្រមាថពីប្រធានា ធិបតីហ្វុីលីពីនលោក បារ៉ាក់ អូបាម៉ា ឥឡូវ នេះបានជួបជាមួយលោក Park Geun-hye ជាប្រធានាធិបតីកូរ៉េខាងត្បូងជំនួសវិញ នៅថ្ងៃអង្គារ ដើម្បីពីភាក្សាអំពីការឆ្លើយតបចំពោះការធ្វើតេស្តសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនាពេលថ្មីៗនេះ។
សូមបញ្ជាក់ថា វាមិនមែនជាលើកដំបូង ទេ ដែលប្រធានាធិបតីហ្វុីលីពីនលោក Rodrigo Duterte ប្រើពាក្យផ្តេសផ្តាស ចំពោះអ្នកដឹកនាំពិភពលោកដោយកាល ពីខែឧសភាកន្លងទៅប្រធានាធិបតីរូបនេះ បានហៅសម្តេចសង្ឃកាតូលិក Pope Francis ថា ជាកូនប្រុសរបស់ស្រីខូច និង ហៅអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក Philip Goldberg ថាជាប្រុសខ្ទើយទៀត ផង៕ ម៉ែវ សាធី