ប្រទេសឡាវ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩ បានប្រារព្វបើកជាផ្លូវការហើយ នៅរសៀលថ្ងៃទី៦កញ្ញា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវដែលមានប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ានទាំង១០ ប្រទេស បានយាងនិងអញ្ជើញចូលរួមនៅសាលសន្និសីទនៃទីក្រុងវៀងច័ន្ទប្រទេសឡាវ (National Convention Center)។
នៅក្នុងពិធីបើកកិច្ចប្រជុំ គឺមានពិធីគោរពភ្លេងជាតិអាស៊ាន និងការសម្តែងសិល្បៈ របស់ប្រទេសឡាវ ដែលភ្ជាប់ជាមួយសុន្ទរកថា លោក ថងលួង ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ និង លោក ប៊ុនញ៉ាំង វរ៉ាជីត ប្រធានាធិបតីឡាវ ដែលបានគូសបញ្ជាក់គោលដៅសំខាន់បំផុតមួយរបស់អាស៊ានចាប់តាំងពីបដិសន្ធិនៅឆ្នាំ១៩៦៧ គឺខិតខំរក្សានិងលើកកម្ពស់សន្តិភាព ស្ថេរភាពនិងកិច្ចសហប្រតិបត្តិការ សម្រាប់ការអភិ វឌ្ឍក្នុងតំបន់និងសម្រាប់ពិភពលោកទាំងមូល។
អាស៊ានបានក្លាយជាតំបន់សន្តិភាព និងស្ថេរភាព ដែលផ្តល់នូវលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ អាស៊ានបានក្លាយជាសេដ្ឋកិច្ចធំបំផុតទី៦លើពិភពលោកនៅឆ្នាំ២០១៥ ។ ក្នុងរយៈពេល៥០ ឆ្នាំកន្លងមកនេះ អាស៊ានបានក្លាយជាទីផ្សារ និងមូលដ្ឋានផលិតកម្មដែលមានផលទុនសរុប២,៧៣ទ្រីលានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៥ ជាប់ចំណាត់ថ្នាក់ធំទី៦របស់ពិភពលោក។ សេដ្ឋកិច្ចអាស៊ានត្រូវបានព្យាករណ៍ក្នុងកំណើនប្រចាំឆ្នាំ៧% ដែលនឹងធ្វើឲ្យសេដ្ឋកិច្ចអាស៊ានកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត ក្នុងពេលអនាគត។ យើងបានរក្សាបាននូវសុខសន្តិភាព ស្ថេរភាព វិបុលភាព និងការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សពីមួយថ្ងៃទៅមួយថ្ងៃ ពោលគឺយើងបានខិតខំសម្រេចឲ្យបាននូវអត្តសញ្ញាណតែមួយ ចក្ខុវិស័យតែមួយ ពោលគឺយើងមិនគ្រាន់តែស្ថិតក្នុងកាលានុវត្តភាពសម្រាប់ប្រជាជនជាង៦២០ លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់បណ្តាប្រទេសក្រៅតំបន់ផងដែរ។
បន្ទាប់ពីបានចុចប៉ូតុងប្រារព្ឋពិធីប្រជុំកំពូលហើយ ប្រមុខដឹកនាំនៃប្រទេសអាស៊ានទាំងអស់បានអញ្ជើញទៅកាន់បន្ទប់ប្រជុំពិសេសមួយផ្សេងទៀត ។ ចំពោះខ្លឹមសារនៃកិច្ចប្រជុំគឺនឹងជម្រាបជូននៅពេលក្រោយ៕