ព័ត៌មានទាន់ហេតុការណ៍៖

មិនធ្លាប់មានតុលាការផ្តន្ទាទោសបុរសម្នាក់៤៩ឆ្នាំពីបទប្លន់៧ករណីហើយនៅសល់៨ករណីទៀត

ចែករំលែក៖

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោក ជា សុខច័ន្ទដេត កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ បានប្រកាសសាលក្រមផ្តន្ទាទោសបុរសម្នាក់ដាក់ពន្ធនាគាររយៈពេល៤៩ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ “លួច មានស្ថានទម្ងន់ទោស” ដោយសារការ ប្រព្រឹត្តហិង្សាចំនួន៧ករណីនៅក្នុងទឹកដី ខណ្ឌដង្កោទាំងអស់ ។

បើតាមមន្ត្រីតុលាការបញ្ជាក់ថា ជន ជាប់ចោទរូបនេះនៅមាន៨ករណីផ្សេង ទៀតដែលតុលាការកំពុងដំណើរការនីតិ វិធី ។

តុលាការបានផ្តន្ទាទោសជនជាប់ចោទឈ្មោះ នុជ សំណាង ហៅសែន សំណាង អាយុ២៧ឆ្នាំ ចំនួន៧ករណីដោយក្នុងមួយករណីៗផ្តន្ទាទោស៧ឆ្នាំសរុបទាំងអស់គឺ ៤៩ឆ្នាំ ។
នាពេលសវនាការកន្លងទៅជនជាប់ចោទរូបនេះបានសារភាពថា ពិតជាបាន ប្រព្រឹត្តដូចការចោទប្រកាន់មែន ។

ជនជាប់ចោទបញ្ជាក់ថា រូបគេប្លន់លើក ទី១នៅភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៥, ប្លន់លើកទី២នៅសង្កាត់ព្រៃវែង ខណ្ឌ ដង្កោកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥, ប្លន់លើកទី៣នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០១៥, ប្លន់លើកទី៤ នៅ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥, ប្លន់លើកទី៥នៅភូមិ ព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោកាលពីថ្ងៃ ទី២៣ ខែកញ្ញា ឆ្នាំ២០១៥, ប្លន់លើកទី៦ នៅសង្កាត់-ខណ្ឌដង្កោកាលពីថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ២០១៥ និងប្លន់លើកទី៧ នៅសង្កាត់ កន្ទោក ខណ្ឌដង្កោកាលពីថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០១៥ ៕ ចេស្តា

 

b 1


ចែករំលែក៖