ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាយដ្ឋានគយ និង រដ្ឋាករកម្ពុជា បានឲ្យដឹងថា ការនាំចេញ – នាំចូល ទំនិញ របស់កម្ពុជាជាមួយដៃគូពាណិជ្ជកម្មទាំងអស់នៅក្នុង រយៈពេល ២ ខែដើមឆ្នាំ២០២៥ មានទឹកសរុប ប្រាក់ជាង ៩,៤ ពាន់លានដុល្លារអាមេរិក ខណៈទឹកប្រាក់នៃពាណិជ្ជកម្មទ្វេភាគី ជាមួយប្រទេសចិន បានគ្របដណ្តប់ជិត ៣០ ភាគរយ នៃចំនួនទឹក ប្រាក់សរុប។ បើរំលឹកកាលពីរយៈពេល៧ខែដើមឆ្នាំ ២០២៤ការធ្វើពាណិជ្ជកម្មកម្ពុជា-ចិន មានទំហំទឹក ប្រាក់ប្រមាណ ៧ពាន់លានដុល្លារ កើនឡើងជិត២ ភាគរយធៀបទៅនឹង៧ខែដើមឆ្នាំ២០២៣។ ប្រទេសចិនបានបន្តឈរមុខគេក្នុងនាមជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាដោយមានទឹកប្រាក់ សរុប ២ ៦៦២,៧៣ លានដុល្លារ កើនឡើង ២១,១ ភាគរយ។
គួររំលឹកថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឱ្យដឹងថា ចាប់ពីឆ្នាំ ២០១៩ ដល់ចុងខែ មិថុនា ឆ្នាំ ២០២២ កម្ពុជាបាននាំចេញកសិផលដូចជាចេកស្រស់ អង្ករ ដំឡូងមីស្ងួត កាកដំឡូងមី ម្សៅ ដំឡូងមី ស្វាយស្ងួត ស្វាយស្រស់ គ្រាប់ស្វាយចន្ទី និងម្សៅកាកាវ ជា ដើមទៅប្រទេសចិន ក្នុងបរិមាណសរុប ២,៤ លានតោន ស្មើនឹង ១ ៩៤២ លានដុល្លារ។ ទន្ទឹមនេះ កសិផលកម្ពុជាចំនួន ៦៨៩,៧០២ តោន ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសចិនក្នុងអំឡុងខែមករាដល់ខែវិច្ឆិកាកាលពីឆ្នាំ២០២២។ ថ្មីៗនេះក្រុមហ៊ុនរដ្ឋចិនមួយបានចុះកិច្ចព្រមព្រៀងទិញ-លក់ដំឡូងមីស្ងួតពីកម្ពុជា ដោយបាននាំចូលទៅកាន់ទីផ្សារចិនជាលើកដំបូង នូវដំឡូងមីស្ងួតចំនួន៥ពាន់តោន និងត្រៀមនាំចូល២០ម៉ឺនតោនបន្ថែមទៀតសម្រាប់ឆ្នាំ២០២៥-២០២៦ខាងមុខនេះ។
កាលពីឆមាសទី១ ឆ្នាំ២០២៤ ប្រទេសចិនបានបញ្ជាទិញ ចេក អង្ករ ដំឡូងមី ស្វាយ និងមៀន ពីកម្ពុជា ខណ:ផលិតផលសំខាន់ៗដែលកម្ពុជានាំចេញរួមមាន អង្ករ ចេក ស្វាយ ដំឡូងមី គ្រាប់ស្វាយចន្ទី ពោត ប្រេងដូង ម្រេច និងថ្នាំជក់។ ប្រទេសចិន សហភាពអឺរ៉ុប វៀតណាម និងថៃ ជាប្រទេសនាំចូលទំនិញកសិកម្មរបស់កម្ពុជា។
សូមរំលឹកថា ក្រសួងកសិកម្មបានបញ្ជាក់ថា កាលពីឆ្នាំ២០១៩ ផលិតផលកសិកម្មទាំង ៦ ប្រភេទ ដែលត្រូវនាំចូលទីផ្សារចិននោះ រួមមាន ផ្លែសា្វយស្រស់ , ផ្លែមៀនប៉ៃលិន , ម្រេច , ផ្លែស្រការ នាគ , ដូងក្រអូប និង ទឹកមាត់ត្រចៀកកាំ ។ ក្រសួងកសិកម្មបានបញ្ជាក់ថា មុននឹងនាំចេញទំនិញទាំងនោះទៅប្រទេសចិនបាន លុះត្រាម្ចាស់ រោងចក្រ និង កសិដ្ឋាន ត្រូវកែច្នៃ វេចខ្ចប់ ផលិតផលកសិកម្ម រួមទាំងបំពេញលក្ខខណ្ឌ អនាម័យ និង បទដ្ឋាន សុវត្ថិភាព ម្ហូបអាហារ ដែលមានចែងក្នុងច្បាប់របស់ចិនជាមុនសិន ។
តាមរបាយការណ៍របស់ក្រសួងកសិកម្ម ឆ្នាំ២០២៤ បានឱ្យដឹងថា ផលិតកម្មដំណាំសរុប ១១.៦៦ តោន ឬ ៣០ ភាគរយត្រូវបាននាំចេញទៅក្រៅប្រទេស ដោយរកចំណូលបាន ៤ ៧៩២ លានដុល្លារ កើនឡើង១៤៣ លានដុល្លារ បើធៀបឆ្នាំ២០២៣។ មុខទំនិញកសិកម្មសំខាន់ៗដែលបាននាំចេញនោះមានដូចជា ស្រូវ អង្ករ កៅស៊ូ ដំឡូងមី ស្វាយ ចេកស្រស់ ម្រេច គ្រាប់ស្វាយចន្ទី ពោត ប្រេងដូង ចំណិតដំឡូងមីក្រៀម ផ្លែមៀនស្រស់ និងកសិផលជាង៧៧មុខផ្សេងទៀតផងដែរ៕
ដោយ៖ សូរិយា