ព័ត៌មានទាន់ហេតុការណ៍៖

អតីតសង្សា ប៉ែន ចំរ៉ុង ត្រៀមជិះយន្តហោះពីអាមេរិកមកជួប

ចែករំលែក៖

ភ្នំពេញ៖ តារាសម្ដែង និងពិធីករលោកប៉ែន ចំរ៉ុង ដែលបានសម្រេចចិត្តបោះបង់ភរិយាគឺភិន សុដាលីសចោល ហើយងាកទៅរកអតីតសង្សារចាស់គឺអ្នកនាងថាច់ ផល្លា ថាច់ អាណិកជននៅអាមេរិកវិញ។ ក្រោយត្រូវរ៉ូវគ្នាវិញអាណិកជនរូបនេះ បានត្រៀសំបុត្រយន្តហោះស្កាត់មកជួបប៉ែន ចំរ៉ុងជាថ្មីក្នុងពេលឆាប់ៗនេះ ។

អ្នកនាងថាច់ ផល្លា វ័យ៣៥ឆ្នាំ ដែលអ្នកក្នុងចង្កោមសិល្បៈដឹងថា ជាអតីតគូស្នេហ៍លោកប៉ែន ចំរ៉ុង អស់រយៈពេលជាច្រើនឆ្នាំមុនពេលចាប់ផ្តើមស្នេហ៍ តារាសម្តែងភិន សុដាលីស ។ នាងបានចេញទៅរស់នៅប្រទេសអាមេរិក២៣ឆ្នាំមកហើយ ។ អ្នកនាងឧស្សាហ៍ឡើងចុះស្រុកខ្មែរញឹកញាប់ដោយសារតែនាង ក៏ជាតារាសិល្បៈមួយរូប ដែលបានចុះមកថតកុននៅកម្ពុជាកន្លងមក ។ អ្នកនាងសម្ដែងរឿងលើកដំបូងនៅកម្ពុជាក្រោមចំណងជើងថា «សុំកើតជាកូនភ្លោះបី» និងបានសម្ដែងជាតួឯកក្នុងរឿងទី២ក្នុងរឿង «ឈាមស្រែកស្បែកហៅ» ជាដើម ។ កន្លងមក អាណិកជនរស់នៅសហរដ្ឋអាមេរិក កញ្ញា ថាច់ ផល្លា បានខូចចិត្តស្អិតទ្រូងរីងរៃមិនតិចទេ ក្រោយពីសង្សាបណ្តូលចិត្តគឺលោក ប៉ែន ចំរ៉ុងបានដាច់ចិត្តបោះបង់ចោលរូបនាងទៅស្រលាញ់ ភិន សុដាលីស ហើយនាងថែមទាំងជិះយន្តហោះមកស្រុកខ្មែរផ្ទាល់ដើម្បីទាមទារលុយដែលប៉ែន ចំរ៉ុងជំពាក់គ្រានៅត្រូវរ៉ូវគ្នានោះ ។ ប៉ុន្តែរងើកភ្លើងស្នេហ៍ដែលរលត់នេះបានឆាប់ឆេះជាថ្មីក្រោយពីប៉ែន ចំរ៉ុង លែងលះភារិយាជាផ្លូវការ ហើយប៉ែន ចំរ៉ុងព្យាយាមប្រើប្រាស់សម្តីផ្អែមក្នុងន័យផ្សះផ្សារចំណងស្នេហ៍នេះឡើងវិញ។

ប្រភពពីអ្នកសិល្បៈដែលស្និទ្ធនឹងពួកគេទាំងពីរបញ្ជាក់ថា គ្រាប៉ែន ចំរ៉ុងនិងសង្សារចាស់ឈ្លោះគ្នា គឺពួកគេបាន Block Facebook គ្នាចោលទាំងអស់ ប៉ុន្តែនៅសល់ Skype មួយ ទើបជាហេតុធ្វើអោយលោក ប៉ែន ចំរ៉ុងមានឱកាសសួរនាំ និងរៀបរាប់ពីស្ថានភាពស្នេហារបស់ខ្លួននិងភិន សុដាលីស ក្នុងពេលរង្គោះរង្គើ ។ គាប់ជួនជាក្នុងពេលនោះ អ្នកនាងផល្លាដែលបាក់ចិត្តស្រឡាញ់លោកហេង ស៊ីមន ជាតួជំនួសស្រាប់តែមានរឿងអន់ចិត្តគ្នាហើយរង្គោះរង្គើទំនាក់ទំនងផង ទើបបណ្ដាលអោយអតីតគូស្នេហ៍ទាំងពីរត្រលប់មកត្រូវរ៉ូវគ្នាវិញ  ។

ប្រភពមួយទម្លាយថាលោក ប៉ែន ចំរ៉ុង បានសុំត្រូវរ៉ូវជាមួយសង្សារវិញដោយមានទាំងការសន្យាថាឈប់បែកចិត្តធ្វើអោយនាងខកចិត្តទើបនារីជាម្ចាស់ហាងមួយនៅអាមេរិករូបនេះសម្រេចចិត្តបោះបង់លោកហេងស៊ីមនដោយគ្មានអាល័យហើយទទួលយកប៉ែនចំរ៉ុងវិញ ។ ប្រភពបន្តថា ក្រោយផ្សះផ្សារគ្នាឡើងវិញអាណិកជនរស់នៅក្នុងរដ្ឋប៊ូស្តុនរូបនេះគ្រោងនិងជិះយន្តហោះមកកម្ពុជាជាថ្មីដើម្បីជួបមុខអាតីតសង្សាផងដែរ ។ មានការលើកឡើងដែរថា កញ្ញា ថាច់ ផល្លាដែលមានវ័យជាង៣០ឆ្នាំនោះគឺជាម្ចាស់ហាងអ៊ុតសក់នៅក្នុងរដ្ឋប៊ូស្តុនហើយនាងក៏ជាកូនស្រីអ្នកមានជីវភាពធូធារម្នាក់ផងដែរដែលធ្វើឲ្យតារាសម្តែងក្នុងស្រុកមួយចំនួនចោមស្នេហ៍ ។

កន្លងមកពេលទាក់ទងជាមួយលោក ប៉ែន ចំរ៉ុង កញ្ញាថាច់ ផល្លា បានជះថវិកាមិនតិចនោះទេផ្តល់អោយប៉ែន ចំរ៉ុងហើយ បើទោះជាលោកប៉ែន រស់ដែលជាបងប្រុស ប៉ែន ចំរ៉ុងធ្លាប់ បានអះអាងថា អ្នកនាងផល្លា ថាច់ គ្រាន់តែជាមិត្ត និងមិនមានគុណស្រ័យចំពោះលោកប៉ែន ចំរ៉ុង ជាប្អូន ក៏ការទម្លាយចេញរបស់គណនីមួយក្នុងពេលគូស្នេហ៍ទាំងពីរបែកគ្នា ដែលបានប្រកាសអោយប៉ែន ចំរ៉ុង ត្រូវតែសងលុយរបស់អ្នកនាងផល្លា អោយអស់មុននឹងរៀបការជាមួយភិន សុដាលីស ។

លោក ប៉ែន ចំរ៉ុង នៅតែបន្តមិនស្វាគមន៍ការសម្ភាសន៍ និងរាក់ទាក់អ្នកសារព័ត៌មាន តាំងពីមានដំណឹងអាស្រូវស្នេហ៍ធ្លាយចេញជាហូរហែរ។ គ្រាដែលថ្មីៗនេះលោកបាន ធ្លាក់ចុះប្រជាប្រិយភាពជាងមុនផងដែរ ចាប់តាំងពីបានលែងលះជាមួយ ភិន សុដាលីស ដែលសុខចិត្តឈ្លោះជាមួយគ្រួសារដើម្បីស្នេហារបស់លោក ប៉ុន្តែចុងក្រោយលោកបែរជាសុំលែងនាងទាំងនាងពរពោះ ។ ទោះជាយ៉ាងណាមានអ្នកសិល្បៈជាច្រើនបានកោតសរសើរនិងចាត់ទុកថាលោកប៉ែន ចំរ៉ុង នៅតែជាបុរសសំបូរស្នេហ៍ផងដែរ បន្ទាប់ពីដាច់ស្រេចជាមួយភរិយាភ្លាម ក៏មានដំណឹងថានារីនៅអាមេរិកទទួលយកវិញភ្លែត ហើយនារីនោះក៏ត្រៀមឡើងយន្តហោះមកជួបអតីតសង្សាជាថ្មីផងដែរ ៕ វឌ្ឍនា

 

ses (1) ses (2) ses (3) ses (5)


ចែករំលែក៖