ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន

ចែករំលែក៖

ភ្នំពេញ​៖​ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ និងលោក UENO Astushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជានៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី២០ ខែមីនា ឆ្នាំ២០២៥នេះ​ បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធសម្រាប់គម្រោងហិរញ្ញប្បទានឥតសំណងផ្តល់ជូនរាជរដ្ឋាភិបាលដេីម្បីគាំទ្រអង្គភាពCMAC លេីគម្រោងចំនួន២ មានហិរញ្ញប្បទានឥតសំណងសរុបចំនួន១.៤៦៦លានយ៉េន ប្រមាណជិត១១លានដុល្លារអាមេរិក​ នៅទីស្ដីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ។ 

គម្រោងទាំង២នោះរួមមាន៖​ គម្រោងទី១​ ជាគម្រោងពង្រឹងសមត្ថភាពអង្គភាពCMACលើកិច្ចសហប្រតិបត្តិការត្បូង-ត្បូងក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម (Strengthening CMAC’s Capacity on the South-South Cooperation Training under the Economic and Social Development Programme”។ គម្រោងនេះមានថវិកាសរុបចំនួន១.១៦៦លានយ៉េន ប្រមាណជាង៨,៤លានដុល្លារអាមេរិក ដែលកញ្ចប់ថវិកានេះនឹងត្រូវប្រើប្រាស់ដើម្បីទិញសម្ភារបច្ចេកទេសរួមមាន គ្រឿងចក្រកម្ទេចមីន ម៉ាស៊ីនរាវមីន និងរថយន្តជាដេីម ដើម្បីលើកកម្ពស់សម្ភារបច្ចេកទេសនៃកិច្ចសហប្រតិបត្តិការផង និងសម្រាប់បម្រើកិច្ចការហ្វឹកហ្វឺនអ្នកជំនាញសកម្មភាពមីនទាំងក្នុងតំបន់និងអន្តរជាតិ។ 

គម្រោងទី២៖ ការបំពេញបន្ថែមហិរញ្ញប្បទានឥតសំណងចំនួន៣០០លានយ៉េន ប្រមាណជាង២លានដុល្លារអាមេរិក សម្រាប់គាំទ្រគម្រោងសាងសង់អាគារហ្វឹកហ្វឺននិងអាគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម(សារមន្ទីរតេជោសន្ដិភាព) នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (The Project for Construction of Training Complex and Outreach Facilities of Cambodian Mine Action Centre) ហិរញ្ញប្បទានឥតសំណងក្នុងគម្រោងនេះ​ សរុបកើនដល់ចំនួន២.៧៥១លានយ៉េន ប្រមាណជិត២០លានដុល្លារអាមេរិក។  

ជាមួយគ្នានេះ​ លោក​ ហេង​ រតនា​ អគ្គនាយកស៊ីម៉ាក់​ ក៏សូមគោរពអរគុណដ៍ជ្រាលជ្រៅបំផុតចំពោះលោកឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការបរទេស​ និងលោកឯកអគ្គរដ្ឋទូត​ UENO Astushi ដែលផ្តល់ការគាំទ្រនិងចុះហត្ថលេខាលេីគម្រោងដ៍មានសារប្រយោជន៍សម្រាប់បុព្វហេតុមនុស្សវិស័យមីនទាំង២នេះផងដែរ៕

ដោយ ៖ តារា


ចែករំលែក៖