ភ្នំពេញ៖ លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួង មុខងារសាធារណៈ បានឱ្យដឹងថា ៖ ត្រឹមរយៈពេល១៥ខែ ក្រសួង មុខងារសាធារណៈបានរៀបចំការប្រឡង ប្រជែងជ្រើសរើសមន្រ្តីរាជការឱ្យចូលបម្រើការនៅក្រសួងស្ថាប័នចំនួន ៨ក្រសួងស្ថាប័នដែលរៀបចំចំនួន ៤២ លើក។ លោកឧបនាយករដ្ឋមន្ត្រី លើកឡើងដូច្នេះ នៅក្នុងពិធីបិទសន្និបាតដោយបន្តថា ការ ប្រឡងនេះមានបេក្ខជនចូលរួមរហូត ដល់១២ម៉ឺននាក់។
ថ្លែងក្នុងពិធី បិទសន្និបាត លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ លើកឡើងពីការកើនឡើង បេក្ខជនចូលរួមប្រឡងយ៉ាងដូច្នេះ៖« ការ ដាក់ពាក្យរបស់បេក្ខជនសុំសិទ្ធប្រឡងប្រជែងបានបង្ហាញឱ្យឃើញពី កំណើននៃការជឿទុកចិត្តរបស់ប្រជា ពលរដ្ឋទូទៅជាពិសេស យុវជនលើប្រព័ន្ធ ប្រឡងជ្រើសរើសមន្រ្តី បច្ចុប្បន្ន»។
លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានឱ្យ ដឹងថា តាមរយៈកំណែទម្រង់ការប្រឡង ជ្រើសរើសមន្រ្តីរាជការ ក្រសួងមុខងារបាន សហការ ជាមួយក្រសួងស្ថាប័នចំនួន៨ ក្នុងការ រៀបចំការ ប្រឡងដោយឈរលើ គោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ការ ប្រឡងទាំង៨ ក្រសួងស្ថាប័ននេះមាន បេក្ខជនចូលរួមចំនួន ១២ ម៉ឺននាក់ និងជ្រើសរើសបាន មន្រ្តី រាជការក្របខណ្ឌចំនួន ៤ ៤៤៧នាក់។
ដោយឡែកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យចុះស្រង់មន្ត្រីក្របខណ្ឌ និងកិច្ចសន្យាធ្វើការចាប់ពី១០ឆ្នាំឡើង ដើម្បីផ្តល់មេដាយជូនគាត់ តែត្រូវធានាភាពសុក្រឹត្យ ត្រឹមត្រូវ និងតម្លាភាព ប្រយ័ត្នមន្ត្រីអត់ដែលធ្វើការក៏ស្រង់ឈ្មោះមកផ្តល់មេដាយដែរ ពោះយន្តការផ្ដល់មេដាយជូនមន្រ្ដី គឺជាយន្តការពិសេសធ្វើតែម្ដងទេ ហើយត្រូវពិនិត្យសម្រាប់តែមន្រ្ដី ទាំងមន្រ្ដីក្របខណ្ឌ និងមន្រ្ដីកិច្ចសន្យា ដែលធ្វើការលើសពី ១០ឆ្នាំ ហើយមិនទាន់ទទួលបានមេដាយសោះ ដើម្បីរៀបចំមេដាយជូនពួកគាត់។
ពាក់ព័ន្ធនឹងការបំពាក់មេដាយនេះដែរ ត្រូវបានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ចំពោះនីតិវិធីនៃការបំពាក់មេដាយជូនមន្ត្រីមានស្នាដៃ និងមន្ត្រីជាប់កិច្ចសន្យានេះ គឺមានសារាចរណែនាំតាំងពី២៤មុនមកម្ល៉េះ ពោលគឺតាំងពីឆ្នាំ២០០១ សារាចរណែនាំលេខ០១ ដែលអនុញ្ញាតឱ្យការស្នើសុំបំពាក់មេដាយនេះឆ្លាក់គ្នា ២ឆ្នាំម្តង ដោយក្នុង១ឆ្នាំ បាន១០ភាគរយនៃចំនួនមន្ត្រីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ត្រង់ចំណុចនេះ មន្ត្រីមានការប្រែប្រួលរហូត ដូច្នេះ ចំណុចនេះវាជាការលំបាក ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជា គ្រប់អាណត្តិមិនដែលបំភ្លេចចោលនោះទេ៕
ដោយ ៖ សិលា