ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កំណែទម្រង់របស់រាជរដ្ឋាភិបាល គឺពង្រឹងជាជាងពង្រីក តែមិនបង្រួម

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលមានក្រសួងមុខងារសាធារណៈជាសេនាធិការ បានធ្វើការងារកែទម្រង់ជាច្រើនដើម្បីប្រសិទ្ធភាពនិងនិរន្តរភាពការងារ ដោយផ្អែកលើគោលការណ៍ពង្រឹង ជាជាងពង្រីក ប៉ុន្តែមិនបង្រួមក្រសួងស្ថាប័នដូចការលើកឡើងរបស់មជ្ឈដ្ឋានមួយចំនួននោះឡើយ។

នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ ដែលប្រារព្ធនៅព្រីមៀរ សែន សុខ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេលជាង១ខែ ក្រោមការដឹកនាំដោយប្រធានាធិបតីថ្មី សហរដ្ឋអាមេរិក បានកាត់មន្រ្ដីរាជការចេញជាង២០ម៉ឺននាក់ ដឹកនាំដោយលោក Elon Musk រដ្ឋមន្រ្តីក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដើម្បីពង្រឹងការដឹកនាំរដ្ឋបាលសាធារណៈរបស់គេ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា សម្រាប់បរិបទប្រទេសកម្ពុជាវិញ  មានការអនុវត្តវិធីសាស្រ្ដផ្សេង ដើម្បីដឹកនាំឱ្យវិស័យមុខងារនេះមានប្រសិទ្ធភាព គឺអនុវត្តអភិក្រម «ពង្រឹងជាជាងពង្រីក» គឺមិនឱ្យមានការពង្រីកចំនួនមន្រ្ដីរាជការដែលមិនចាំបាច់ឡើយ។ សម្តេចធិបតី បន្តថា ប្រសិទ្ធភាពនៃការកែទម្រង់តាមប្រទេសនីមួយៗ មានភាពខុសគ្នា ស្របតាមស្ថានភាពជាក់ស្តែងនៃប្រទេសរៀងៗខ្លួន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា មានប្រទេសចំនួន៦ បានធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ដោយកាត់បន្ថយក្រសួង និងមន្ត្រីជាច្រើន ដែលនេះជាការប្រើអភិក្រម «បង្រួម ដើម្បីពង្រឹង»។ ប្រទេសទាំង ៦នោះ រួមមាន អាមេរិក អង់គ្លេស ប៉ាគីស្ថាន ម៉ាឡេស៊ី វៀតណាម និងអាហ្សង់ទីន ខណៈកម្ពុជាប្រើអភិក្រម «ពង្រឹង ជាជាងពង្រីក»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពន្យល់ថា៖

* អភិក្រម «ពង្រឹង ជាជាងពង្រីក» គឺពិនិត្យទៅលើរចនាសម្ព័ន្ធអង្គភាព កែសម្រួលយ៉ាងណា កុំឲ្យប៉ោង កុំឲ្យជាន់គ្នា។ * អភិក្រម «រៀបចំផ្ទះឲ្យរៀបរយ» គឺការរាយមន្ត្រី រៀបចំមន្ត្រី ធ្វើការកុំឲ្យជាន់តួនាទីការងាររបស់ក្រសួងស្ថាប័ន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «គ្រាន់តែឆ្នាំទៅនេះ យ៉ាងហោចណាស់ មាន ៦ប្រទេស ដែលធ្វើការកំណែទម្រង់រដ្ឋបាលសាធារណៈ ហើយជាប្រទេសមហាអំណាច […] ប្រទេសធំជាងគេ គឺអាមេរិក។ គាត់បង្កើត ក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល ដឹកនាំដោយមហាសេដ្ឋី Elon Musk ។ ក្នុងរយៈពេលជាង ១ខែនេះ គឺបានកាត់ជាង ២០ម៉ឺនមន្ត្រី ពិចារណាក្នុងការលុបចោលក្រសួងអប់រំមួយទៀត។ អង់គ្លេស ទើបប្រកាសប៉ុន្មានថ្ងៃមុន កាត់បន្ថយសេវាជាតិសុខភាព ៥០ភាគរយ ប្រាប់មន្ត្រីតែម្តង ស្អែកមិនបាច់មកធ្វើការ ១៣ ០០០នាក់ ទៅ ១៦ ០០០នាក់ កាត់ពាក់កណ្តាលចោល។ ប៉ាគីស្ថាន គ្រោងកាត់មន្ត្រី ១៥០ ០០០នាក់។ ម៉ាឡេស៊ី លុចចោល ៣ក្រសួង កែសម្រួល ៥ក្រសួង បង្រួម ៧ក្រសួង ដាក់មន្ត្រីចូលនិវត្តន៍មុន កំណត់ជាង ៣០ ០០០នាក់។ វៀតណាម កាត់បន្ថយ ៣០ក្រសួង/ស្ថាប័ន មក ១៤ក្រសួង គ្រោងកាត់បន្ថយមន្ត្រី ១០ ០០០នាក់ ហើយគ្រោងលុបស្រុកចោលតែម្តង ទុកតែឃុំ និងខេត្ត។ អាហ្សង់ទីន គ្រោងកាត់ ៧០ ០០០នាក់»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា ការប្រើអភិក្រម «ពង្រឹង ជាជាងពង្រីក» ដែលមិនឲ្យប៉ោងស្ថាប័ន គឺសម្តេចបានបដិសេធ ការស្នើពីនាយកដ្ឋានជាច្រើន ដែលសុំដំឡើងទៅជាអគ្គនាយកដ្ឋាន។ ជាមួយគ្នានេះ ការប្រើអភិក្រម «រៀបចំផ្ទះឲ្យរៀបរយ» គឺបានធ្វើឲ្យមន្ត្រីមានឱកាស និងមានការងារធ្វើស្មើគ្នា៕

ដោយ ៖ សិលា


ចែករំលែក៖