ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រី ណែនាំឱ្យក្រសួងគិតគូរ និងធ្វើទំនើបកម្មលំហូរការងារ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៃកម្ពុជា បានថ្លែងណែនាំឱ្យក្រសួងនីមួយៗ គិតគូរ និងធ្វើទំនើបកម្មលំហូរការងារ ដោយផ្តោតទៅលើការការកាត់បន្ថយនីតិវិធី តម្រូវការឯកសារ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលឱ្យបានច្រើន ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់ក្រសួង ស្ថាប័ន ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្ឡែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌល ដឺព្រីមៀ សែនសុខ រាជធានីភ្នំពេញ ។

សម្តេចធិបតី បានបញ្ជាក់ថា ការថែទាំ ការពង្រឹងលំហូរការងារ និងប្រសិទ្ធភាពនេះ គឺជាផ្នែកសំខាន់ នៃកំណែទម្រង់ ។ ការគិតពីលំហូរការងារនេះ គឺត្រូវផ្តោតទៅលើការការកាត់បន្ថយនីតិវិធី តម្រូវការឯកសារ និងការប្រើប្រាស់ប្រព័ន្ធឌីជីថល ឱ្យបានច្រើន ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់ក្រសួង ស្ថាប័ន ។ 

សម្តេចបវរធិបតី បញ្ជាក់ថា គ្រាន់តែសេវាសាធារណៈនៅក្នុងរដ្ឋាភិបាលយើង ទូទាំងរដ្ឋាភិបាល ទាក់ទងនឹងស្ថាប័នផ្សេងៗ ជាង ៣០០០សេវា ហើយឯកសារជួនកាល ឯកសារ ២, ៣ កន្លែង គាត់ត្រូវការ តម្រូវការឯកសារដដែលៗ ។ ចួនកាល ឯកសារជាន់គ្នា ។ កន្លែងខ្លះ ត្រូវការអត្តសញ្ញាណបណ្ណ ត្រូវការបណ្ណគ្រួសារ ត្រូវការសំបុត្រកំណើត នៅពេលដែលកិច្ចការហ្នឹង អត់ត្រូវការទេ ហើយដល់ពេលទៅរកសេវាមួយទៀត ទាមទារដូចគ្នា ។ បើសិនជាយើងធ្វើបែបនេះ យើងនឹងមិនអាចដើរលឿនទេ ។ រចនាសម្ព័ន្ធកែហើយ ប៉ុន្តែបើនីតិវិធី របៀបរបបការងារយើង មិនទំនើបកម្ម ឱ្យស្របទៅតាមស្ថានភាពទេ យើងក៏លំបាកដែរ ។

ទន្ទឹមនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានប្រាប់ឱ្យក្រសួងពាណិជ្ជ ពិនិត្យឡើងវិញ តម្លៃ នៃសេវាសាធារណៈនៅកន្លែងខ្លះ មានការកើនជាងអាណត្តិមុនទៅទៀត ដែលហាក់ផ្ទុយនឹងគោលបំណង នៃកំណែទម្រង់ ដែលមានគោលដៅធ្វើឱ្យសេវាសាធារណៈ កាន់តែទាប រហ័ស និងមានប្រសិទ្ធភាពនោះ ។ សម្ដេចថា ក្រសួងពាណិជ្ជកម្ម ត្រូវមើលរឿងហ្នឹងឱ្យច្បាស់។ យើងកំណែទម្រង់ ដើម្បីឱ្យតម្លៃហ្នឹងវាចុះ មិនឱ្យកើនទេ។ ពិនិត្យមើល ទាំងផ្លូវការ ទាំងក្រៅផ្លូវការ ។ កាត់បន្ថយតាមរយៈការរៀបចំនីតិវិធីកុំឱ្យស្មុគស្មាញ។ កាត់បន្ថយនីតិវិធីសាំញ៉ាំ ហើយឌីជីថលឱ្យបានច្រើន ។

នៅក្នុងវេទិកានេះ សម្តេចធិបតី សង្ឃឹមថា ក្រុមការងារពាក់ព័ន្ធ នឹងជជែកគ្នា រកវិធីកាត់នីតិវិធីស្មុគស្មាញ ធានាតម្លៃសេវាទាបសមរម្យ និងពិសេស ធានាបាននូវការគ្រប់គ្រងទិន្នន័យេ ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ទាន់តែយើងហ៊ានវះកាត់ខ្លះ តម្រឹមខ្លះ កែសម្រួលខ្លះ ឲ្យយើងប្រសិទ្ធភាពខ្ពស់ ដើម្បីជួយវិស័យឯកជន ក្នុងការវិនិយោគនៅក្នុងស្រុក ឲ្យបានលឿន ឲ្យអស់ថោក និងឲ្យប្រសិទ្ធភាព ទើបហៅគេមកវិនិយោគបានច្រើន»។

ស្របជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តើត្រូវទៅនិយាយ អំពីការប្រកួតប្រជែងសេដ្ឋកិច្ចយ៉ាងម៉េច? បើវិស័យឯកជន ត្រូវការរដ្ឋគាំទ្រ តែរដ្ឋអត់មានប្រសិទ្ធភាព ហើយគ្រាន់តែប្រសិទ្ធភាពការងារ ក៏ថ្លៃខ្ពស់ជាងគេ និងស្មុមស្មាញជាងគេ ត្រូវទៅប្រកួតប្រជែងសេដ្ឋកិច្ច ជាមួយគេយ៉ាងម៉េចទៅ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យត្រូវធ្វើយ៉ាងណា កែទម្រង់ជាប់ជាប្រចាំ ហើយឲ្យប្រសិទ្ធភាពឲ្យកាន់តែល្អ ហើយធ្វើយ៉ាងម៉េច គណនេយ្យភាព និងការទទួលខុសត្រូវ ឲ្យបានជាប់ជាប្រចាំ និងមានទំនួលខុសត្រូវខ្ពស់ផងដែរ។

ពាក់ព័ន្ធនឹងការផ្ដល់សេវា នៅតាមក្រសួង-ស្ថាប័ន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រាប់ឲ្យធ្វើយ៉ាងម៉េច ត្រូវរកវិធីកាត់បន្ថយ ជាពិសេសតម្លៃ បើប្រៀបធៀបនឹងពីមុន ទោះបីជាមិនល្អជាងមុន តែក៏មិនត្រូវអាក្រក់ជាងមុននោះទេ៕

ដោយ ៖ សិលា


ចែករំលែក៖