ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំសង្រ្កាន្ដនៅវត្ដភ្នំ៣ថ្ងៃទទួលទេវតាចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យមន្ទីរវប្បធម៌ វិចិត្រសិល្បៈ រាជធានីភ្នំពេញនិងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ព្រម ទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវរៀបចំ “សង្ក្រាន្តវត្តភ្នំ” ២០២៥នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ នាឆ្នាំ ម្សាញ់ឆ្នាំ២០២៥នេះ ឱ្យបានល្អបំផុត ដោយសារថា «សង្ក្រាន្ដ»នេះ រាជរដ្ឋាភិបាលរបស់យើងកំពុងរៀបចំដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកអរូបីយ៍។

    ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញបាន ណែនាំបែបនេះ នៅនារសៀលថ្ងៃទី២០ ខែមីនា  ឆ្នាំ២០២៥ ខណៈឯកឧត្ដមបានអញ្ជើញជាអធិបតីតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំ “សង្ក្រាន្តវត្តភ្នំ” ២០២៥នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ខាងមុខនេះ នៅសាលារាជធានីភ្នំពេញ។

     ឯកឧត្ដមកើត ឆែ បានមានប្រសាសន៍ថា៖ ថ្មីៗនេះមានបណ្តាញសង្គមមួយនោះបានចុះផ្សាយព័ត៌មានខុសពីការពិត ដោយថា «ភ្នំពេញដូនពេញក្លាយជាទីកន្លែងសក្ការៈរបស់យួនហើយ»។ការបង្ហោះនូវព័ត៌មានក្លែងក្លាយខុសពីការពិតនេះ ពួកគេធ្វើឡើងដើម្បីបំផ្លាញជាតិរបស់យើង។ ឯកឧត្ដមបញ្ជាក់ថា៖ ពួកអគតិតែងតែប្រឆាំងនៅពេលដែលពួកគេបានដឹងថា រាជរដ្ឋាភិបាលបង្កើតបាននៅសមិទ្ធផលធំៗជូនជាតិ។ជាក់ស្តែងពេលនេះ រាជរដ្ឋាភិបាលរបស់យើងកំពុងរៀបចំ «សង្ក្រាន្ដ»នេះដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកអរូបីយ៍ ទើបពួកគេបង្កើតឱ្យមានជាព័ត៌មានក្លែងក្លាយខុសពីការពិតនេះឡើង។ដូចច្នេះទេ សូមឱ្យទាំងអស់គ្នារៀបចំ “សង្ក្រាន្តវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ខាងមុខនេះឱ្យបានល្អបំផុត។

  “សង្ក្រាន្តវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ មានរយៈពេល ០៣ថ្ងៃ ដោយចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ហើយក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំ “សង្ក្រាន្តវត្តភ្នំ”នេះ បានលើកឡើងពី ការរៀបចំជាកន្លែងទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្ដែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញឧបករណ៍តន្ត្រីបុរាណជាដើម។បន្ថែមពីនេះ កិច្ចប្រជុំនេះក៏បានលើកឡើងពីការគិតគូរលើការជួសជុលសួនកុមារ ជួសជុលនាឡិកាជួសជុលរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តុបតែងភ្លើងបន្ថែមទាំងនៅខាងក្នុងនិងខាងក្រៅរមណីយដ្ឋានវត្តភ្នំ និងតំបន់ជុំវិញវត្តភ្នំ។

  បន្ថែមពីនេះ “សង្ក្រាន្តវត្តភ្នំ” ក៏នឹងត្រូវភ្ជាប់ជាមួយ

ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញផងដែរ ពោលគឺផ្លូវថ្មើរជើងនឹងបើកបន្ត៣ថ្ងៃទៀតនៃថ្ងៃចូលឆ្នាំរហូតបញ្ចប់បុណ្យចូលឆ្នាំថ្មី៕

ដោយ ៖ សំរិត


ចែករំលែក៖