ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយក្រុមហ៊ុន S&O INTELLECTUAL PROPERTY CAMBODIA រៀបចំវគ្គបំប៉នជំនាញកម្មសិទ្ធិបញ្ញាស្តីពី “ការកំណត់អត្តសញ្ញាណផលិតផល” នៅសណ្ឋាគារ SUNWAY រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ម្សិលមិញនេះ ជូនដល់សិក្ខាកាមជាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសរុបចំនួន ៣២រូប ដែលមកពីនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តកណ្តាល និងកំពង់ឆ្នាំង ។
វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង កសាងសមត្ថភាពជំនាញដល់មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបង្កើនការជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជា ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ ស្វាហាប់ និងទស្សនវិស័យកំណែទម្រង់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីឈានទៅដល់ការកែសម្រួល កែលម្អ កែតម្រូវ និងកែទម្រង់ ព្រមទាំងជម្រុញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែម ក្នុងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាសម្រាប់ពេលបច្ចុប្បន្ន និងអនាគត ។
ថ្លែងក្នុងពិធីបិទវគ្គ លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច តំណាងលោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុន S&O INTELLECTUAL PROPERTY CAMBODIA និងដៃគូរ ដែលបានឧបត្ថម្ភ គាំទ្រសម្រាប់វគ្គបំប៉នជំនាញកម្មសិទ្ធិបញ្ញា ដ៏មានសារៈសំខាន់មួយនេះ និងអរគុណដល់វាគ្មិនមកពីនាយកដ្ឋានកម្មសិទ្ធិបញ្ញា ក្រសួងពាណិជ្ជកម្ម ព្រមទាំងគ្រូបង្គោលរបស់ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក៏ដូចជាតំណាងម្ចាស់ម៉ាក ដែលចំណាយពេលដ៏មានតម្លៃមកធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ដល់សិក្ខាកាម ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ឯកប្រធាននាយកដ្ឋាន បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ សូមយកនូវចំណេះដឹងដែលទទួលបានពីវគ្គបំប៉ននៅពេលនេះទៅបំពេញចំណុចខ្វះខាត ការយល់ច្រឡំ និងសំណូមពរចាំបាច់នានា ឆ្លើយតបទៅនឹងតម្រូវការ នៃការប្រតិបត្តិច្បាប់ពាក់ព័ន្ធជាមូលដ្ឋានក្នុងការពិនិត្យ ពិចារណា និងកែសម្រួលលើការអនុវត្តតួនាទី និងភារកិច្ចរបស់មន្រ្តីនគរបាលយុត្តិធម៌ ឲ្យស្របតាមក្រមនីតិវីធីព្រហ្មទណ្ឌ ក៏ដូចជាស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីបង្កើនការជឿទុកចិត្តពីសំណាក់អ្នកវិនិយោគ អាជីវករ កម្មសិទ្ធិករ សហគមន៍ និងប្រជាពលរដ្ឋ មកលើមន្ត្រីនគរបាលជាតិ ៕
ដោយ៖ តារា