ព័ត៌មានទាន់ហេតុការណ៍៖

ជាថ្មីម្ដងទៀត នាយករដ្ឋមន្ត្រី ប្រាប់ឱ្យលេងបាញ់ទឹកដោយប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ និងកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុលផុសដូចឆ្នាំកន្លងទៅ

ចែករំលែក៖

ខេត្តតាកែវ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ នាពេលឆាប់ៗខាងមុខនេះ គឺមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង កុំឱ្យមានគ្រោះថ្នាក់ តែត្រូវបំផុសការលេងល្បែងប្រជាប្រិយខ្មែរ ឱ្យបានច្រើន។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និង លោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើក ទី៩ នៅក្នុងខេត្តតាកែវ នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «សូមជំរុញ និងលើកទឹកចិត្ដ ឲ្យមានការរៀបចំជាលក្ខណៈលេងល្បែងប្រជាប្រិយឲ្យបានច្រើន នៅតាមមូលដ្ឋានរបស់យើង នៅគ្រប់ទីកន្លែង ។ យើងមិនហាមទេបាញ់ទឹក ប៉ុន្ដែលេងឲ្យស្រួលប្រួល ប្រយ័ត្នគ្រោះថ្នាក់»។

ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមស្នើដល់រដ្ឋ បាលរាជធានី-ខេត្ដទាំងអស់ បំផុសឲ្យមានការរៀបចំ ព្រឹត្ដិការណ៍អបអរសង្ក្រាន្ដឆ្នាំថ្មីកម្ពុជា នៅក្នុងមូលដ្ឋានរបស់ខ្លួន ចាប់ពីកម្រិតថ្នាក់ខេត្ដ ដល់ថ្នាក់ស្រុក-ឃុំ ទៅតាមគោលដៅទេសចរណ៍ វត្ដអារាមនានា បន្ថែមពីលើព្រឹត្ដិការណ៍ មហាអង្គរសង្គ្រាន្ដ ដែលបានរៀបចំ នៅក្នុងខេត្ដសៀមរាប។

សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់ នាពេលខាងមុខនេះ ដែលនឹងប្រព្រឹត្តិ ទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។ 

សូមបញ្ជាក់ថា ៖ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ត្រូវបានផ្ដួចផ្ដើមរៀបចំឡើង ជាផ្ទាំងទស្សនីយភាពវប្បធម៌ទ្រង់ទ្រាយធំជាលើកដំបូងនៅក្នុងឆ្នាំ២០១៣ លើទឹកដីអង្គរនៃខេត្តសៀមរាប ដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។ព្រឹត្តិការណ៍នេះក្នុងគោលបំណង ប្រមូលផ្តុំយុវជន និងសាធារណជន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរតែមួយ រម្លឹក និងធ្វើឲ្យរស់រវើកឡើង នៃមរតកបេតិកភណ្ឌអរូបីខ្មែរ ចូលរួមថែរក្សា និងអភិវឌ្ឍវប្បធម៌ជាតិ និងលើកស្ទួយកិត្យានុភាពជាតិ លើឆាកអន្តរជាតិ ក៏ដូចជាផ្តល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសិក្សាអំពីកិត្តិនាម ភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណី និងសាសនា។ ឆ្នាំ២០២៣នេះសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសបើកព្រឹត្តិការណ៍អង្គរសង្រា្កន្ត នៅខែមេសាខាងមុខនេះ ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានទន្ទឹងរង់ចាំ ដើម្បីចូលរួមអបអរសាទរនូវព្រឹត្តិការណ៍នេះ៕

ដោយ ៖ សិលា


ចែករំលែក៖